តំបន់មួយចំនួននៃប្រទេសរុស្ស៊ី កំពុងខ្វះខាតប្រេងសាំងធ្ងន់ធ្ងរ ក្រោយអ៊ុយក្រែនវាយប្រហារខ្លាំង

អន្តរជាតិ

រដ្ឋាភិបាលរុស្ស៊ីនិយាយថា តំបន់មួយចំនួនកំពុងជួបប្រទះនឹងកង្វះខាតប្រេងឥន្ធនៈ ចំពេលមានការវាយប្រហារកាន់តែខ្លាំងឡើងរបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋាភិបាលរុស្ស៊ី បាននិយាយនៅក្នុងសារប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ កាលពីពេលថ្មីៗថា ស្ថានភាពផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមស្ថានីយប្រេងឥន្ធនៈនៅក្នុងតំបន់មួយចំនួននៃប្រទេស កំពុងមានភាពតានតឹងខ្លាំង។

យោងតាមសេចក្តីថ្លែងការណ៍ដដែលនេះ​ ក្រុមហ៊ុនប្រេង និងឧស្ម័នកំពុងចាត់វិធានការចាំបាច់ ដើម្បីបង្កើនការផ្គត់ផ្គង់ដល់តំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។ រដ្ឋាភិបាលរុស្ស៊ី បានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីកង្វះខាត ហើយរដ្ឋមន្ត្រីថាមពល លោក Alexander Novak បានដឹកនាំការត្រួតពិនិត្យយ៉ាងដិតដល់នៃតម្លៃប្រេងឥន្ធនៈដែលកំពុងដាក់លក់លើទីផ្សារ។

យ៉ាណាមិញតំបន់ Krasnodar ដែលស្ថិតនៅក្បែសមុទ្រខ្មៅ និងត្រូវបានគេស្គាល់ថាតំបន់ឆ្នេរទេសចរណ៍ដ៏ពេញនិយមរបស់ខ្លួន កំពុស្ថិតនៅក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។

អភិបាល Venyamin Kondratyev បាននិយាយថា ស្ថានភាពនៅតាមស្ថានីយប្រេងឥន្ធនៈបានក្លាយជារឿងស្មុគស្មាញ។ លោកបានបន្ថែមថា ក្រុមហ៊ុនប្រេងបានចាប់ផ្តើមដាក់ចេញនូវការរឹតបន្តឹងការផ្គត់ផ្គង់ប្រេងឥន្ធនៈឡើងវិញ និងកាត់បន្ថយម៉ោងបើកស្ថានីយប្រេងឥន្ធនៈថែមទៀតផង។

គួរជម្រាបជូនផងដែរថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អ៊ុយក្រែន បានបង្កើនការវាយប្រហាររបស់ខ្លួនជាមួយនឹងយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរយៈចម្ងាយឆ្ងាយទៅលើរោងចក្រចម្រាញ់ប្រេង ក្នុងការប៉ុនប៉ងធ្វើឱ្យខូចសមត្ថភាពរបស់រុស្ស៊ីក្នុងការបន្តសង្គ្រាម៕​