កូរ៉េខាងត្បូងប្រកាសចូលរួមក្នុងគម្រោងកសាងប្រទេសអ៊ុយក្រែនឡើងវិញ ក្រោយចប់សង្គ្រាម

អន្តរជាតិ

បើយោងតាមមន្ត្រីឧស្សាហកម្ម បានលើកឡើងកាលពីថ្ងៃទី២៦ ខែធ្នូថា រដ្ឋាភិបាល និងក្រុមហ៊ុនរបស់កូរ៉េខាងត្បូង មានបំណងបង្កើនកិច្ចខិតខំប្រឹងប្រែងនៅឆ្នាំ២០២៤ ដើម្បីចូលរួមគម្រោងកសាងឡើងវិញក្នុងប្រទេសអ៊ុយក្រែន ក្រោយពេលភ្លើងសង្គ្រាមនៅប្រទេសមួយនេះត្រូវបានរលត់រួចរាល់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Korean Times ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងដែនដី ហេដ្ឋរចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បូងបាននិយាយថា៖ អំឡុងពេលដែលប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yoel បានធ្វើទស្សនកិច្ចនៅទីក្រុង Kyiv កាលពីក្នុងខែកក្កដានោះ លោកបានសន្យាថា​ រដ្ឋាភិបាលក៏ដូចជាក្រុមហ៊ុននឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងការកសាងឡើងវិញរបស់ប្រទេសអ៊ុយក្រែន ហើយចំណែកឯគណៈប្រិភូធុរកិច្ច ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងដែនដី ក៏បានអមដំណើរចូលមករកវិធីសាស្ត្រជាក់លាក់បន្ថែមទៀតសម្រាប់ការកសាងឡើងវិញ នៅអំឡុងកិច្ចប្រជុំជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នាទីក្រុង Kyiv កាលពីខែកញ្ញា។ មួយវិញទៀត បណ្តាក្រុមហ៊ុនកូរ៉េដែលចូលរួមក្នុងគម្រោងកសាងឡើងវិញនេះ ចាំចាច់ត្រូវរៀបចំយុទ្ធសាស្ត្រដោយផ្អែកលើការយល់ដឹងអំពីវិធីសាស្ត្ររៃអង្គាសប្រាក់ និងរចនាសម្ព័ន្ធអាជីវកម្ម។

មិនត្រឹមតែប៉ុណ្ណោះ ក្រសួងដែនដីបាននិយាយបន្ថែមថា​ខ្លួនក៏កំពុងស្វែងរកការណែនាំ អំពីការចូលរួមរបស់ក្រុមហ៊ុនកូរ៉េ ក្នុងគម្រោងកសាងឡើងវិញ ខណៈពេលដែលកំពុងស្រាវជ្រាវច្បាប់ពាក់ព័ន្ធដើម្បីបង្កើតសាខានៅអ៊ុយក្រែន។

ជាមួយគ្នានោះ ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល ក៏ត្រូវបានគេរំពឹងថា​នឹងបញ្ជូនគណៈប្រតិភូទៅអ៊ុយក្រែននៅឆ្នាំក្រោយទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល និងវិស័យអភិវឌ្ឍធនធាន។ យ៉ាងណាមិញ ក្រសួងដំបូងឡើយបានព្យាយាមបញ្ជូនគណៈប្រតិភូនៅឆ្នាំនេះ ក៏ប៉ុន្តែត្រូវបានពន្យារពេល ដ្បិតអីដោយសារតែមានការប្រយុទ្ធគ្នាជាបន្តបន្ទាប់។

ដោយឡែក កាលពីដើមខែធ្នូនេះ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Choo Kyung ho បានប្រកាសថា រដ្ឋាភិបាលនឹងផ្តល់ប្រាក់ ១០០លានដុល្លារដល់ធនាគារអភិវឌ្ឍន៍ពហុភាគី និងផ្តល់កញ្ចប់ជំនួយមនុស្សធម៌ចំនួន ២០០លានដុល្លារនៅឆ្នាំ២០២៤ សម្រាប់កការកសាងឡើងវិញនៅប្រទេសអ៊ុយក្រែន។

បន្ថែមពីនោះ លោកក៏បានបង្ហាញពីផែនការរបស់រដ្ឋាភិបាល ក្នុងការបង្កើតមូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចចំនួន ២ពាន់លានដុល្លារក្នុងផែនការរយៈពេលវែង ដើម្បីឲ្យក្រុមហ៊ុនកូរ៉េអាចចូលរួមក្នុងការកសាងឡើងវិញ នូវហេដ្ឋរចនាសម្ព័ន្ធរបស់អ៊ុយក្រែន និងទំនើបកម្មនៃឧស្សាហកម្មរបស់ប្រទេស។

ក្នុងនោះ ដោយស្របតាមផែនការរបស់រដ្ឋាភិបាល ក្រុមហ៊ុនកូរ៉េកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានទីតាំងនៅអ៊ុយក្រែន និងប្រទេសជិតខាងរបស់ខ្លួន តួយ៉ាងក្រុហ៊ុន SG ដែលជាក្រុមហ៊ុនផលិតបេតុងកៅស៊ូកូរ៉េ បានសម្រេចចិត្តកាលពីសប្តាហ៍មុនក្នុងការវិនិយោគ ៩ពាន់លានវ៉ុនដើម្បីបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅអ៊ុយក្រែន។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនក៏បានចុះហត្ថលេខាលើកិច្ចសន្យាតម្លៃ ១៤លានដុល្លារ ជាមួយក្រុមហ៊ុនអ៊ុយក្រែន DS Prom Group ដើម្បីផ្គត់ផ្គង់ថ្មធ្វើផ្លូវ (asphalt) នៅឆ្នាំ២០២៦ ផងដែរ។

លើសពីនេះទៅទៀត ក្រុមហ៊ុន Hyundai E&C ដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការកសាងឡើងវិញនូវអាកាសយានដ្ឋានអន្តរជាតិ Boryspil ក្នុងទីក្រុង Kyiv នោះ កំពុងតែផ្លាស់ប្តូរទៅបង្កើតសាខារបស់ខ្លួននៅអ៊ុយក្រែន និងប៉ូឡូញវិញ។

គួរជម្រាបផងដែរថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្រសួងដែនដី ហេដ្ឋរចនាសម្ព័ន្ធ និងដឹកជញ្ជូនបានប្រកាសផែនការលើការចំណាយទឹកប្រាក់ ១០០លានវ៉ុន (៧៧ ០០០ដុល្លារ) ដើម្បីស្នើសុំការសិក្សារយៈពេលប្រាំមួយខែ អំពីស្ថានភាពនាពេលបច្ចុន្ននៅក្នុងប្រទេសអ៊ុយក្រែន ទាក់ទិននឹងការកសាង ក៏ដូចជាយុទ្ធសាស្ត្រដើម្បីចូលរួមការកសាងឡើងវិញ៕