នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានរៀបចំកម្មវិធីរ៉ូដសូ (Roadshow) យ៉ាងសមោឡារិក ស្តីពីការបោះផ្សាយមូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) នៅអគារសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (តិចណូ) ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់វិនិយោគិន ដៃគូអាជីវកម្ម និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាច្រើនស្ថាប័ន។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖
-លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក
-លោកស្រី ម៉ៅ ភីរក្ស អគ្គនាយិការប្រតិបត្តិនៃ ក្រុមហ៊ុនមូលបត្រ អេសុីលីដា ម.ក
-លោក ស៊ាង បុត្រ អ្នកប្រឹក្សាផ្សារហ៊ុនកម្ពុជា
ព្រឹត្តិការណ៍រ៉ូដសូ (Roadshow) នេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្រ ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងកាលានុវត្តភាពនៃការវិនិយោគរបស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក មុនពេលឈានជើងចូលក្នុងទីផ្សារមូលបត្រកម្ពុជាជាផ្លូវការ។ ជាមួយគ្នានេះដែរ កម្មវិធីបានផ្តល់ព័ត៌មានយ៉ាងលម្អិតអំពីដំណើរការបោះផ្សាយ លក្ខខណ្ឌនៃការទិញភាគហ៊ុន និងផែនការពង្រីកអាជីវកម្មនាពេលអនាគត។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា៖ «ការឈានជើងចូលទីផ្សារហ៊ុន គឺជាជំហានប្រវត្តិសាស្ត្រដ៏សំខាន់របស់ បុរី វិមានសំណាង ម.ក ក្នុងការកសាងតម្លាភាព អភិបាលកិច្ចល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ការបោះផ្សាយ IPO នេះ មិនត្រឹមតែផ្តល់ឱកាសចំណេញដល់វិនិយោគិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងការជម្រុញវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចជាតិទាំងមូល»។

តំណាងឱ្យក្រុមហ៊ុនសម្របសម្រួលការបោះផ្សាយ លោកស្រី ម៉ៅ ភីរក្ស និងអ្នកជំនាញទីផ្សារទុន លោក ស៊ាង បុត្រ ក៏បានចែករំលែកនូវបច្ចុប្បន្នភាពនៃទីផ្សារទុនកម្ពុជា ព្រមទាំងការវិភាគស៊ីជម្រៅអំពីសក្ដានុពល និងភាពទាក់ទាញនៃការវិនិយោគលើភាគហ៊ុនរបស់ បុរី វិមានសំណាង ម.ក ផងដែរ។
កម្មវិធីបានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជន និងវិនិយោគិនដែលបានចូលរួមផ្ទាល់។
ក្រុមហ៊ុន បុរី វិមានសំណាង ម.ក គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ដែលផ្តោតលើការកសាងលំនៅដ្ឋាន និងគម្រោងអចលនទ្រព្យមានគុណភាពខ្ពស់ ប្រកបដោយទំនុកចិត្ត និងស្តង់ដាររស់នៅទាន់សម័យ។

















