សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះ ដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង និងទទួលយកមតិយោបល់របស់ប្រជាពលរដ្ឋ សម្រាប់រៀបចំ «គម្រោងលម្ហែបៃតងទេទឹកពុះ» នាពេលខាងមុខ ឱ្យឆ្លើយតបចំគោលដៅ និងផ្តល់ផលប្រយោជន៍ពិតប្រាកដដល់សហគមន៍។
នេះបើតាមការបញ្ជាក់របស់សម្ដេចធិបតី នៅលើបណ្ដាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះ។

ក្នុងនោះសម្ដេចធិបតី ក៏បានបញ្ជាក់បន្ថែមថា ក្រៅពីការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានទេទឹកពុះឱ្យមានភាពប្រសើរឡើង ការពង្រឹងសមត្ថភាពសហគមន៍ តាមរយៈការបណ្តុះបណ្តាលនូវជំនាញ បំណិនពាក់ព័ន្ធមួយចំនួន និងស្តង់ដារសេវាកម្មបានច្បាស់លាស់ ក៏នឹងត្រូវផ្តល់ជូនផងដែរ ក្នុងគោលដៅពង្រឹងនិងពង្រីកសក្តានុពលរបស់សហគមន៍ ដើម្បីត្រៀមទទួលអ្នកទេសចរ នាពេលខាងមុខ។
និយាយឱ្យខ្លី និងសាមញ្ញ គឺ «បង្រៀនសហគមន៍ឱ្យចេះរកស៊ី» ក្នុងវិស័យទេសចរណ៍ ដែលនឹងជួយពង្រឹងភាពជាម្ចាស់របស់សហគមន៍ ក៏ដូចជាអនុញ្ញាតឱ្យពួកគាត់អាចទាញយកផលប្រយោជន៍ជាអតិបរមាពីការអភិវឌ្ឍន៍នៅហ្នឹងកន្លែង៕



