នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ជាសហអធិបតី បានដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលខេត្តព្រះសីហនុ។

ក្នុងនោះមានការចូលរួម លោក ហូ ចាន់ថា អគ្គនាយករងសំណង់ អភិបាលនៃគណៈអភិបាលរងខេត្ត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ និងក្រុមហ៊ុនមហានគរ ព្រមទាំងមន្ត្រីរដ្ឋបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងៗ។
តាមរបាយការណ៍នៃកិច្ចប្រជុំ ជារួមលទ្ធផលបានឱ្យដឹងថា ផែនការការងារសាងសង់អគារសាលាខេត្តថ្មីនេះ គ្រោងបញ្ចប់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈដែលបច្ចុប្បន្នវឌ្ឍនភាពការងារសាងសង់ជារួមសម្រេចបានចំនួនប្រមាណ ៨៥% ហើយ។
សូមជម្រាបថា អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី បានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នៅលើទីតាំងចាស់មានផ្ទៃក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េ កម្ពស់ ៤ជាន់។ រដ្ឋបាលខេត្តព្រះសីហនុ បានគ្រោងតម្លៃជាង ៣លានដុល្លារ ក្នុងការសាងសង់អគាររដ្ឋបាលថ្មីនេះ ដើម្បីឆ្លើយតប និងសម្រួលដល់ការប្រព្រឹត្តិទៅនៃការងាររបស់ខេត្ត ដែលខេត្តនេះជាទិសដៅមួយនៃការវិនិយោគ និងទេសចរណ៍។










