ប្រេងឆៅបន្តឡើងថ្លៃ ក្រោយក្តីសង្ឃឹមសន្តិភាពរវាងអាមេរិក-អ៉ីរ៉ង់ថយចុះ បង្កើនហានិភ័យដល់ការផ្គត់ផ្គង់

អន្តរជាតិ

តម្លៃប្រេងឆៅអន្តរជាតិបានកើនឡើងបន្ថែមទៀត នៅថ្ងៃទី១៨ ខែសីហា ខណៈពេលដែលការរំពឹងទុកបានថយចុះសម្រាប់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ដោយអ៊ីរ៉ង់បាននិយាយថា ខ្លួននឹងប្រកាន់យកជំហរវាយលុកបន្ថែមទៀត ហើយសហរដ្ឋអាមេរិកបានច្រានចោលការពង្រីកកិច្ចព្រមព្រៀងឈប់បាញ់ ដែលបង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់ថាមពល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ Reuters កាលពីថ្ងៃចន្ទថា អ៊ីរ៉ង់នឹងផ្លាស់ប្តូរទៅជាជំហរយោធា “វាយលុកទាំងស្រុង” ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍បានជាប់គាំង ហើយចំណែកឯទីក្រុងវ៉ាស៊ីនតោនវិញ​ក៏បានច្រានចោលការពង្រីកកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នរបស់ពួកគេផងដែរ។

ជុំវិញស្ថានភាពដ៏ក្តៅគគុកនេះ បានធ្វើឲ្យតម្លៃប្រេងឆៅប្រភេទ Brent កើនឡើង ៦២សេន ឬ ០,៧% បន្ថែមទៀត ដល់ ៩១,៤៩ដុល្លារក្នុងមួយបារ៉ែល។

ទន្ទឹមនឹងនេះ​តម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកវិញ បានកើនឡើង ៧៥សេន ដល់ ៨៥,២៥ដុល្លារក្នុងមួយបារ៉ែល។

យ៉ាងណាមិញ​ យោងតាមលោកSuvro Sarek ប្រធានផ្នែកស្រាវជ្រាវថាមពលរបស់ធនាគារ DBS បាននិយាយថា ខណៈពេលដែលនៅតែមានភាពមិនប្រាកដប្រជាទាក់ទងនឹងកិច្ចព្រមព្រៀងនៅតែបន្ត លោករំពឹងថាតម្លៃប្រេង នឹងស្ថិតនៅចន្លោះ ៨០ដុល្លារទៅ១០០ដុល្លារក្នុងមួយបារ៉ែល នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕​