ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ ខណៈផែនការនេះ ត្រូវបានក្រសួងពាក់ព័ន្ធថា នឹងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍ជនបទ ប្រកបដោយគុណភាព។

ថ្លែងក្នុងឱកាសធ្វើជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ កាលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងអំណរគុណចំពោះ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងមន្រ្តីរាជការទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នាពេលនេះ ដែលជាកាយវិការបង្ហាញអំពីការទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់លើការងារអភិវឌ្ឍន៍ជនបទ ជាពិសេសការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ។

លោកបន្តថា ក្រសួងបានរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ គឺធ្វើឡើងក្រោមចក្ខុវិស័យ “កសាងបណ្តាញផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡាប្រកបដោយភាពធន់” ដែលកំពុងប្រកាសដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ។
ឆ្លៀតឱកាសនោះ លោករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់អង្គពិធីទាំងមូល និងគ្រប់ភាគីពាក់ព័ន្ធឱ្យប្រើប្រាស់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣នេះ ជាឯកសារគតិយុត្តក្នុងការអនុវត្តការងារពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ព្រមទាំងបានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនទៀត ដើម្បីជំរុញការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ប្រកបដោយប្រសិទ្ធភាព គុណភាព និងមានភាពធន់ផងដែរ៕អត្ថបទ៖ហ្សាលីន

