កម្ពុជា ចូលរួមកិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្ត្រអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១១ នៅប្រទេសសិង្ហបុរី

សង្គម​ និង​សេដ្ឋកិច្ច

លោក ម៉ា នរិទ្ធ អគ្គលេខាធិការរង និងជាមន្ត្រីបង្គោលគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានចូលរួមកិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្ត្រអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (SPDDM) លើកទី១១។ កិច្ចសន្ទនានេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រោមការសហការរៀបចំដោយកងកម្លាំងការពារជនស៊ីវិលសិង្ហបុរី (SCDF) លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលអាហា (AHA Centre) ដោយមានការឧបត្ថម្ភគាំទ្រថវិកាពីដៃគូម្ចាស់ជំនួយអាស៊ាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងស្របពេលជាមួយនឹងការប្រារព្ធទិវាមនុស្សធម៌ពិភពលោក និងជាថ្ងៃគម្រប់ខួបលើកទី១០ នៃការអនុវត្តយុទ្ធសាស្ត្រ «អាស៊ានតែមួយ ការឆ្លើយតបតែមួយ» (One ASEAN, One Response – OAOR) ដែលជានិមិត្តរូបនៃការរំលឹកឡើងវិញនូវការឆ្លើយតបរួមគ្នារបស់អាស៊ានចំពោះគ្រោះមហន្តរាយនានា។

កិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្ត្រអាស៊ាន (SPDDM) ក្នុងឆ្នាំ២០២៦ នេះ រៀបចំឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីសកម្មភាពរួមគ្នាក្នុងតំបន់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ ជាមួយគ្នានេះ អង្គប្រជុំក៏បានធ្វើការវាយតម្លៃលើសមិទ្ធផលនានាដែលសម្រេចបាន ក៏ដូចជាការកំណត់ទិសដៅទៅអនាគតសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបផ្នែកមនុស្សធម៌នៅទូទាំងតំបន់អាស៊ានទាំងមូល ឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា៕