ប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗនេះ បានបង្ហាញកាប្តេជ្ញាចិត្ត ក្នុងការសន្សំទឹកប្រាក់ចំនួន ២១ពាន់លានដុល្លារ លើការចំណាយលើសេវាប្រើប្រាស់ក្រោមគោលនយោបាយ និងផែនការសកម្មភាពប្រសិទ្ធភាពថាមពលជាតិ រយៈពេល ១០ឆ្នាំខាងមុខ ឬហៅថា NEEAP 2.0 ខណៈប្រទេសនេះកំពុងស្វែងរកការទប់ស្កាត់តម្រូវការថាមពល និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត New Straits Times។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Akmal Nasrullah បាននិយាយថា ផែនការនេះមានគោលបំណងកាត់បន្ថយតម្រូវការថាមពលជាតិចំនួន ១១,៦% ពីការព្យាករអាជីវកម្មធម្មតា និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ចំនួន ២៦,១ លានតោននៅឆ្នាំ២០៣៥។
គួរឲ្យដឹងថា ជុំវិញផែនការនេះ បានកើតឡើងនៅពេលដែលតម្រូវការអគ្គិសនីកំពុងកើនឡើងយ៉ាងខ្លាំង ដែលជំរុញដោយការពង្រីកឧស្សាហកម្ម ការវិនិយោគមជ្ឈមណ្ឌលទិន្នន័យ និងការផ្លាស់ប្តូរទៅជាថាមពលស្អាត។
យ៉ាងណាមិញ ផែនការ NEEAP 2.0 ត្រូវបានបង្កើតឡើងនៅលើផែនការមុន ដែលបានសន្សំអគ្គិសនីបាន ៦០,៨៨៦ GWh ក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ ដែលលើសពីគោលដៅរបស់ខ្លួនចំនួន ៥២,២៣៣ Gwh កាលពីមុន។ ការសន្សំសំចៃនេះក៏បានជួយកាត់បន្ថយការបំភាយឧស្ម័នឧស្ម័នកាបូន ប្រហែល ៣៥,៦ លានតោន និងជួយសង្គ្រោះសេដ្ឋកិច្ចបានប្រហែល ៤ពាន់លានដុល្លារផងដែរ។
មិនតែប៉ុណ្ណោះ លោក Akmal បាននិយាយទៀតថា ការកែលម្អប្រសិទ្ធភាពថាមពល គឺមានសារៈសំខាន់ ខណៈពេលដែលប្រទេសម៉ាឡេស៊ី កំពុងពង្រីកការផ្គត់ផ្គង់ថាមពលស្អាត ដោយបន្ថែមថា ការប្រើប្រាស់ថាមពលកាន់តែមានប្រសិទ្ធភាពនឹងជំរុញការប្រកួតប្រជែង បន្ធូរបន្ថយសម្ពាធលើបណ្តាញអគ្គិសនី និងធ្វើឱ្យប្រសិទ្ធភាពថាមពលក្លាយជាការអនុវត្តអាជីវកម្មស្តង់ដារ និងជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ៕

