សំបកកង់ខ្មែរ Sailun បានឧបត្ថម្ភប្រាក់ ២លានរៀលដល់សាលាដូង រយៈពេល១ឆ្នាំពេញ រហូតដល់ខែមេសា ឆ្នាំ២០២៧

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន PIC Group ដែលជាក្រុមហ៊ុនទទួលសិទ្ធិផលិតលក់​ចែកចាយ​ផ្តាច់មុខ​ សំកង់ឡានខ្មែរម៉ាក Sailun នៅកម្ពុជា នាពេលកន្លងមក បានឧបត្ថម្ភប្រាក់ ២លានរៀលដល់សាលាដូង រយៈពេល១ឆ្នាំពេញ ចាប់ពីខែមេសា ឆ្នាំ២០២៦ រហូតដល់ខែមេសា ឆ្នាំ២០២៧ និងឧបត្ថម្ភ ៥០០ ដុល្លារអាមេរិកជារៀលរាល់ខែបន្ថែមទៀត ដើម្បីជួយទ្រទ្រង់សាលាដូង ដែលកំពុង​ជួបការ​ខ្វះខាត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គឹន ឧត្តមមុនី ស៊ីណាត អគ្គនាយកប្រតិបត្តិនៃ​ក្រុមហ៊ុន PIC Group ដែលជាក្រុមហ៊ុនទទួលសិទ្ធិ​ចែកចាយ​ផ្តាច់មុខ​នូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS នៅកម្ពុជា និងសំកង់ឡានខ្មែរម៉ាក Sailun បានថ្លែងប្រាប់ Oknha News បន្ថែម នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះថា បន្ថែមលើការឧបត្ថម្ភប្រចាំឆ្នាំខាងលើ ក្រុមហ៊ុនក៏ទើប​តែ​ជួយ​សាងសង់​របងសាលា​ដូង អស់ប្រមាណជាង ២,០០០ដុល្លារ ព្រមទាំងការបរិច្ចាគសំបកកង់ឡានជាច្រើនរយ​គ្រាប់។

កាលពីថ្ងៃទី១៧-១៨ ខែសីហាថ្មីៗនេះ ក្រុមហ៊ុន PIC Group ក៏បានដឹកនាំក្រុមការងារនាំយកថវិកាឧបត្ថម្ភចំនួន ២,០០០ដុល្លារ សម្រាប់ធ្វើរបង​សាលា​ចម្ងាយ ២០ម៉ែត្រ ព្រមទាំងនាំយកអំណោយជាសម្ភារៈសិក្សាចែកជូន​ប្អូនៗ​សិស្សានុសិស្ស​នៅសាលាដូងផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន PIC Group គឺជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ​ជាច្រើនផ្សេងៗទៀតនៅកម្ពុជា។ PIC Group បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលប្រេងម៉ាក PETRONAS និងសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅ​ខេត្ត​ស្វាយរៀង។ ក្រុមហ៊ុនផលិតសំបកកង់រថយន្តខ្នាតយក្ស កំពុងឈរជើងនៅកម្ពុជាមួយនេះ ក៏កំពុងរួមចំណែក ផ្ដល់ឱកាសការងារជាច្រើនពាន់កន្លែងដល់ប្រជាពលរដ្ឋខ្មែរថែមទៀតផង៕