ក្រុមហ៊ុន PIC Group ដែលជាក្រុមហ៊ុនទទួលសិទ្ធិផលិតលក់ចែកចាយផ្តាច់មុខ សំកង់ឡានខ្មែរម៉ាក Sailun នៅកម្ពុជា នាពេលកន្លងមក បានឧបត្ថម្ភប្រាក់ ២លានរៀលដល់សាលាដូង រយៈពេល១ឆ្នាំពេញ ចាប់ពីខែមេសា ឆ្នាំ២០២៦ រហូតដល់ខែមេសា ឆ្នាំ២០២៧ និងឧបត្ថម្ភ ៥០០ ដុល្លារអាមេរិកជារៀលរាល់ខែបន្ថែមទៀត ដើម្បីជួយទ្រទ្រង់សាលាដូង ដែលកំពុងជួបការខ្វះខាត។

លោក គឹន ឧត្តមមុនី ស៊ីណាត អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន PIC Group ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្តាច់មុខនូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS នៅកម្ពុជា និងសំកង់ឡានខ្មែរម៉ាក Sailun បានថ្លែងប្រាប់ Oknha News បន្ថែម នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះថា បន្ថែមលើការឧបត្ថម្ភប្រចាំឆ្នាំខាងលើ ក្រុមហ៊ុនក៏ទើបតែជួយសាងសង់របងសាលាដូង អស់ប្រមាណជាង ២,០០០ដុល្លារ ព្រមទាំងការបរិច្ចាគសំបកកង់ឡានជាច្រើនរយគ្រាប់។
កាលពីថ្ងៃទី១៧-១៨ ខែសីហាថ្មីៗនេះ ក្រុមហ៊ុន PIC Group ក៏បានដឹកនាំក្រុមការងារនាំយកថវិកាឧបត្ថម្ភចំនួន ២,០០០ដុល្លារ សម្រាប់ធ្វើរបងសាលាចម្ងាយ ២០ម៉ែត្រ ព្រមទាំងនាំយកអំណោយជាសម្ភារៈសិក្សាចែកជូនប្អូនៗសិស្សានុសិស្សនៅសាលាដូងផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន PIC Group គឺជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើនផ្សេងៗទៀតនៅកម្ពុជា។ PIC Group បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលប្រេងម៉ាក PETRONAS និងសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅខេត្តស្វាយរៀង។ ក្រុមហ៊ុនផលិតសំបកកង់រថយន្តខ្នាតយក្ស កំពុងឈរជើងនៅកម្ពុជាមួយនេះ ក៏កំពុងរួមចំណែក ផ្ដល់ឱកាសការងារជាច្រើនពាន់កន្លែងដល់ប្រជាពលរដ្ឋខ្មែរថែមទៀតផង៕


















