ឧកញ៉ា ចាន់ សុខឃាំង ដឹកនាំគណៈប្រតិភូធុរកិច្ចអន្តរជាតិមកពីប្រទេសជប៉ុន សិង្ហបុរី និងហុងកុង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ជុំវិញ​ឧកញ៉ា

នារសៀលថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូធុរកិច្ចអន្តរជាតិអញ្ជើញមកពីប្រទេសជប៉ុន សិង្ហបុរី និងហុងកុង ដឹកនាំដោយ ឧកញ៉ា ចាន់ សុឃាំង ដែលជាដៃគូធុរកិច្ចរបស់ក្រុមហ៊ុន Bayon Heritage Holding Group ក៏ដូចជាក្រុមហ៊ុន Signature Rice Co., Ltd. ឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះរួមមាន ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. ព្រមទាំងថ្នាក់​ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសម្របសម្រួលពីសំណាក់ ឧកញ៉ា ចាន់ សុខឃាំង ប្រធាន/នាយកប្រតិបត្តិក្រុមហ៊ុន Bayon Heritage Holding Group ព្រមទាំងជា សហស្ថាបនិក/​នាយកប្រតិបត្តិ ក្រុមហ៊ុន Signature Rice Co., Ltd. (Signature of Asia) ក្នុងគោលបំណងផ្តល់ឱកាស​ឱ្យដៃគូធុរកិច្ចអន្តរជាតិរបស់ខ្លួន បានស្វែងយល់បន្ថែមឱ្យបានលម្អិត និងស៊ីជម្រៅដោយផ្ទាល់ពីថ្នាក់ដឹកនាំ​ជាន់ខ្ពស់នៃ ក.អ.ក. អំពីកាលានុវត្តភាពវិនិយោគ គោលនយោបាយលើកទឹកចិត្ត និងកិច្ចសម្រួលនានា​របស់​រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងរកឱកាសក្នុងការបណ្តាក់ទុនរួមគ្នាលើវិស័យសក្តានុពលសំខាន់ៗ ជាពិសេស​វិស័យកសិ-ឧស្សាហកម្ម, ឧស្សាហកម្មកែច្នៃចំណីអាហារ និងកសិផល (ដូចជាស្រូវ-អង្ករ និងគ្រាប់ស្វាយចន្ទី) សំដៅជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារតំបន់ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ព្រមទាំងការវិនិយោគ​លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធភស្តុភារកម្ម។

តាមរយៈជំនួបនេះ តំណាងក្រុមហ៊ុនធំៗទាំងបី បានគោរពជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូចជាអង្គ​ប្រជុំទាំងមូលដោយសង្ខេបអំពី ជំនាញឯកទេស, ផលិតផល, ប្រតិបត្តិការអាជីវកម្ម, សាវតានៃការបោះទុន​នៅកម្ពុជា, ព្រមទាំងការចាប់ដៃសហការជាមួយក្រុមហ៊ុន Bayon Heritage Holding Group ក៏ដូចជាក្រុមហ៊ុន Signature Rice Co., Ltd និងការសម្លឹងមើលឱកាសពង្រីកវិសាលភាពវិនិយោគបន្ថែម។

សូមជម្រាបថា គណៈប្រតិភូធុរកិច្ចអន្តរជាតិដែលបានចូលរួមនាឱកាសនេះ រួមមាន៖

១. ក្រុមហ៊ុន Agro Ludens Inc. (ជប៉ុន) ដឹកនាំដោយ លោក Sugiyama Kiyotaka នាយកប្រតិបត្តិ, មាន ជំនាញឯកទេសលើវិស័យ កសិ-ពាណិជ្ជកម្ម និងកសិ-បច្ចេកវិទ្យា (Agri-tech) ដោយផ្តោតលើការអភិវឌ្ឍ​ខ្សែច្រវាក់ផ្គត់ផ្គង់ ការបង្កើនតម្លៃបន្ថែមដល់កសិផល និងការតភ្ជាប់ទីផ្សារកសិផលទៅសហគមន៍អន្តរជាតិ។ ក្រុមហ៊ុននេះបានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Signature Rice Co., Ltd. តាមរយៈការផ្គូរផ្គងធុរកិច្ច​នៅក្នុងឱកាសដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូកម្ពុជាបំពេញបេសកកម្ម​គោះទ្វារ​ទាក់ទាញវិនិយោគនៅក្នុងប្រទេសជប៉ុន កាលពីខែមិថុនា កន្លងទៅ។

២. ក្រុមហ៊ុន Olam Food Ingredients (សិង្ហបុរី) ដឹកនាំដោយ លោក Dipen Joshi នាយកប្រតិបត្តិ, មានជំនាញឯកទេសលើឧស្សាហកម្មគ្រឿងផ្សំចំណីអាហារ និងភេសជ្ជៈធម្មជាតិកម្រិតសកល ជាពិសេសការកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទី និងកាកាវធំមួយក្នុងពិភពលោក។

៣. ក្រុមហ៊ុន Meridian International Holding (ហុងកុង) ដឹកនាំដោយ លោក Ko Sek Yan ប្រធានក្រុម​ប្រឹក្សា​ភិបាលក្រុមហ៊ុន, មានជំនាញឯកទេសលើការវិនិយោគអចលនទ្រព្យ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគពហុវិស័យ។ ក្រុមហ៊ុនមានបទពិសោធន៍បណ្តាក់ទុនយ៉ាងសកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅកម្ពុជាលើវិស័យអចលនទ្រព្យ និងសំណង់អគារពាណិជ្ជកម្មកម្រិតប្រណិតដូចជា Flatiron By Meridian ជាដើម។