ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd នឹងសម្ពោធជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២៦នេះ។នេះបើយោងតាមជំនួបពិភាក្សារវាង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយ លោក ណម តុង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. កាលថ្ងៃ ១៨ ខែសីហា ឆ្នាំ២០២៦។

នាឱកាសនោះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បញ្ជាក់ថា ក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខនូវរថយន្តម៉ាក GAC និង Chevrolet នៅកម្ពុជា ហើយក្រុមហ៊ុនក៏បានពង្រីកការវិនិយោគលើការកសាងរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ នៅប្រទេសកម្ពុជា ដោយរោងចក្របង្គុំ និងដំឡើងរថយន្តនេះ បានសាងសង់រួចរាល់ និងបានចាប់ផ្តើមដំណើរការបឋម នាពេលថ្មីៗនេះ។
លោកបន្តថា ក្រុមហ៊ុនមានបុគ្គលិកកំពុងបម្រើការងារនៅរោងចក្រប្រមាណ ២៥០នាក់ ដែលសុទ្ធសឹងទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសយ៉ាងច្បាស់លាស់ ដើម្បីធានាបាននូវរថយន្តដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យជូនអតិថិជនកម្ពុជា។ ក្នុងឱកាសនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពអញ្ជើញ សម្ដេចធិបតី ផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ ក្នុងពេលវេលាសមស្របណាមួយ នាឆ្នាំ២០២៦។
ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការពង្រីកការវិនិយោគជាបន្តបន្ទាប់របស់ក្រុមហ៊ុន ដែលការវិនិយោគលើវិស័យនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ, ការផ្ទេរបច្ចេកវិទ្យាដល់កម្លាំងពលកម្មកម្ពុជា និងផ្តល់នូវផលិតផលដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យ។ បន្ថែមលើនេះ, សម្ដេចធិបតី បានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការគាំទ្រនានារបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងធានាបរិយាកាសវិនិយោគនៅកម្ពុជា ប្រកបដោយភាពធន់ និង ភាពប្រកួតប្រជែង។
សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាអំពីលទ្ធភាពក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន ឬសិប្បកម្មក្នុងស្រុក ដើម្បីផ្គត់ផ្គង់សម្ភារបំពាក់ក្នុងរថយន្ត ក្នុងន័យបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ៕អត្ថបទ៖ហ្សាលីន

