គណៈប្រតិភូមកពីតំបន់ស្វយ័តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន មានណងលើកកម្ពស់ការវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការវិនិយោគរវាងភាគីទាំងពីរ។នេះបើតាមជំនួបពិភាក្សារវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈក ម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូមកពីតំបន់ស្វយ័តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក ថាង ឆាយចុង (Tang Caizong) តំណាងផ្នែកកំណែទម្រង់ និងការអភិវឌ្ឍតំបន់ស្វយ័តក្វាងស៊ី កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

នាឱកាសនោះ លោក ជា វុទ្ធី បានកត់សម្គាល់ពីបរិស្ថានវិនិយោគនៅកម្ពុជា, កំណើនវិនិយោគចិននៅកម្ពុជា និងទំហំពាណិជ្ជកម្មកម្ពុជា-ចិន ខណៈលោកក៏បានគិតគូររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យបច្ចេកវិទ្យាឌីជីថល ពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត ដែលបាននិងកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងមានសារសំខាន់សម្រាប់បរិការណ៍សកលនាពេលបច្ចុប្បន្នក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ទាំងក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម និងវិស័យផ្សេងៗទៀត។
ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់តំបន់ស្វយ័តក្វាងស៊ីក្នុងការតភ្ជាប់កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យារវាងប្រទេសចិន និងអាស៊ាន ដោយកំពុងផ្តោតលើការអភិវឌ្ឍប្រព័ន្ធអេកូបញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចឌីជីថល។

ជាមួយគ្នានេះ លោក ថាង ឆាយចុង បានលើកឡើងពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍឧស្សាហកម្មបញ្ញាសិប្បនិម្មិត ដែលលោកគ្រោងនឹងជំរុញឱ្យមានមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មតកម្ពុជា-ចិន និងផ្តល់ការបណ្តុះបណ្តាលដល់ប្រជាជនកម្ពុជាលើជំនាញបញ្ញាសិប្បនិម្មិត ។ បន្ថែមពីនេះ លោកក៏មានបំណងលើកកម្ពស់ការវិនិយោគ និងស្វែងរកកាលានុវត្តភាពពង្រីកកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងតំបន់ស្វ័យតក្វាងស៊ី និងព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកពង្រឹងទំនាក់ទំងភាពជាដៃគូ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការវិនិយោគរវាងភាគីទាំងពីរផងដែរ។

សូមជម្រាបដែរថា តាមរយៈជំនួបពិភាក្សាលើកខាងលើនេះ បានឱ្យដឹងដែរថា មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មតកម្ពុជា-ចិន នឹងអាចលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះដើម្បីជាថ្នាលឱ្យប្រជាជនកម្ពុជាមានឱកាសក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងចាប់យកចំណេះ និងជំនាញថ្មីៗពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល ពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕ អត្ថបទ៖ហ្សាលីន


