ក្រសួង និងស្ថាប័នចំនួន៤ រួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួង និងស្ថាប័នចំនួន៤ រួមមាន ក្រសួងបរិស្ថាន ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងធម្មការនិងសាសនា អាជ្ញាធរមីន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចុះអនុស្សរណៈយោគយល់គ្នានេះ បានធ្វើចុះហត្ថលេខារួមគ្នា ដោយ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក លី ធុជ ទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន លោក ថោ ជេដ្ឋា រដ្ឋមន្រ្ដីក្រសួងធនធានទឹកនិងឧតុនិយម និង លោក ចាយ បូរិន រដ្ឋមន្រ្ដីក្រសួងធម្មការនិងសាសនា នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

លោក អ៊ាង សុផល្លែត បានឱ្យដឹងថា ការចុះអនុស្សរណៈ ជាមួយក្រសួង ស្ថាប័នទាំង៣ ក្នុងថ្ងៃតែមួយ បានបង្ហាញយ៉ាងច្បាស់ពីសុខដុមនីយកម្ម ក៏ដូចជាសាមគ្គីភាពលើគ្រប់វិស័យនៅកម្ពុជា រវាងក្រសួងនិងស្ថាប័នរបស់រាជរដ្ឋាភិបាល និងបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងការអនុវត្តគោលនយោបាយជាតិ ជាពិសេសការចូលរួមពង្រឹងការការពារបរិស្ថាន និងធនធានធម្មជាតិ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

លោកបន្តថា សុវត្ថិភាពពីមីន ការគ្រប់គ្រងធនធានទឹក ការការពារទីជម្រាល ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការអប់រំសីលធម៌ និងការចូលរួមរបស់សង្គមពី សាសនា សុទ្ធតែមានទំនាក់ទំនងគ្នា និងត្រូវការកិច្ចសហការអន្តរវិស័យ និងបានឆ្លើយតបនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានរៀបចំឡើង អនុលោមស្របទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានគូសបញ្ជាក់ពីបេសកកម្ម និង ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋទូទៅ សំដៅឈានឆ្ពោះទៅកាន់ ការអភិវឌ្ឍប្រទេសឱ្យមាន«ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» ។

សូមបញ្ជាក់ថា ការចុះអនុស្សរណៈ ជាមួយក្រសួងនិងស្ថាប័នទាំង៤ គឺជាការបោះគឺជាជំហានថ្មីមួយទៀត ដើម្បីសម្រេចបានគោលដៅធនានូវចីរភាពបរិស្ថាន ក្នុងនោះ៖

អនុស្សរណៈទី១៖ ក្រសួងបរិស្ថាន ជាមួយ អាជ្ញាធរមីន នឹងសហប្រតិបត្តិការបោសសម្អាត តំបន់រងផលប៉ះពាល់ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងតំបន់ការពារធម្មជាតិ។ អនុស្សរណៈទី២៖ ក្រសួងបរិស្ថាន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម នឹងសហប្រតិបត្តិការគ្នា ដោយផ្តោតលើការ ដាំដើមឈើ ការការពារ និងស្តារទីជម្រាល តំបន់ដីសើម និងប្រព័ន្ធអេកូឡូស៊ីពាក់ព័ន្ធ ការគ្រប់គ្រង ធនធានទឹក ប្រកបដោយនិរន្តរភាព និងការរួមចណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

និងអនុស្សរណៈទី៣៖ ក្រសួងបរិស្ថានជាមួយ ក្រសួងធម្មការនិងសាសនា នឹងសហប្រតិបត្តិការរួមគ្នា ផ្តោតលើការអភិរក្ស កិច្ចគាំពារបរិស្ថាន ការលើកកម្ពស់សីលធម៌បរិស្ថាន និងការអភិវឌ្ឍវិស័យធម្មការ និងសាសនាប្រកបដោយចីរភាព៕