ក្រុមហ៊ុនមួយ មកបណ្តាក់ទុនវិនិយោគនៅខេត្តពោធិ៍សាត់ ផ្តោតលើគម្រោងសំខាន់ៗចំនួន ៣

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន KPS Energy (Cambodia) Co., Ltd បានមកបណ្តាក់ទុនវិនិយោគនៅខេត្តពោធិ៍សាត់ លើរឿងគម្រោងសំខាន់ៗចំនួន៣ ពាក់ព័ន្ធវិស័យថាមពលស្អាត ឧស្សាហកម្មកសិកម្ម និងការកែច្នៃ និងការអភិវឌ្ឍបៃតង។នេះបើតាមការលើកឡើងរបស់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៦ ក្នុងពិធីចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងជួលដីសម្រាប់ការវិនិយោគ រវាងរដ្ឋបាលខេត្តពោធិ៍សាត់ ជាមួយនិងក្រុមហ៊ុន KPS Energy (Cambodia) Co., Ltd។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ខូយ រីដា បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការវិនិយោគនេះនឹងជួយបង្កើតការងាររាប់ពាន់កន្លែង លើកកម្ពស់ជំនាញបច្ចេកវិទ្យាដល់ប្រជាពលរដ្ឋ និងពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្តពោធិ៍សាត់ឱ្យកាន់តែរឹងមាំ។លោកបន្តថា ព្រឹត្តិការណ៍នេះ ត្រូវបានចាត់ទុកជា «ស្ពាន» ដ៏សំខាន់ក្នុងការតភ្ជាប់សក្តានុពលខេត្ត ទៅនឹងខ្សែសង្វាក់ផលិតកម្មឧស្សាហកម្ម និងថាមពលប្រកបដោយចីរភាព។

លោក ខូយ រីដា បានបញ្ជាក់ដែរថា ភាពជោគជ័យក្នុងការទាក់ទាញក្រុមហ៊ុន KPS Energy (Cambodia) Co., Ltd មកបណ្តាក់ទុននៅខេត្តពោធិ៍សាត់ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ កំពុងផ្លាស់ប្តូរមុខមាត់ថ្មី ដោយមានរោងចក្រ និងសហគ្រាសធំៗជាច្រើន បានសម្រេចចិត្តមកវិនិយោគ ដែលកត្តានេះបានជួយពង្រឹងសេដ្ឋកិច្ចមូលដ្ឋានយ៉ាងខ្លាំងក្លា។

សូមជម្រាបដែរថា ការវិនិយោគនេះលើផ្ទៃដី ៥,០០០ហិកតានេះ មិនមែនជាការចុះហត្ថលេខាលើឯកសារធម្មតានោះទេ ប៉ុន្តែគឺជាការបោះជំហានដ៏ធំមួយ ក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈគម្រោងអភិវឌ្ឍន៍ជាប្រព័ន្ធ ដោយផ្តោតលើរឿងចំនួន៣ រួមមាន៖ទី១. វិស័យថាមពលស្អាត៖ ការសាងសង់រោងចក្រផលិតអគ្គិសនី ដើរដោយជីវម៉ាស (អនុភាព ៥០មេហ្គាវ៉ាត់) និងរោងចក្រផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ (អនុភាព ៤០មេហ្គាវ៉ាត់) ដែលឆ្លើយតបទៅនឹងនិន្នាការអភិវឌ្ឍន៍ថាមពលស្អាត និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។ទី២. ឧស្សាហកម្មកសិកម្ម និងការកែច្នៃ៖ រួមមានរោងចក្រផលិតជី និងរោងចក្រផលិតគីមឈី ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មក្នុងស្រុក។និងទី៣. ការអភិវឌ្ឍបៃតង៖ គម្រោងដាំដើមឈើ និងការថែរក្សាធនធានធម្មជាតិ ដែលជាឆ្អឹងខ្នងសម្រាប់និរន្តរភាពបរិស្ថាន៕អត្ថបទ៖ហ្សាលីន