កម្ពុជា-រុស្ស៊ី ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព នយោបាយ ពាណិជ្ជកម្ម វិនិយោគ និងក្របខណ្ឌអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួងការបរទេស បានទទួលជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម អានឌ្រេ រូឌែនកូ (Andrey Rudenko) អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញមកកម្ពុជា ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគី លើកទី៣ រវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅ ដោយបានផ្តោតការពិភាក្សាទៅលើវិធីសាស្រ្តក្នុងការរឹតបន្តឹង និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យអាទិភាពសំខាន់ៗ រួមមាន វិស័យនយោបាយ ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ បន្ថែមពីនេះ ភាគីទាំងក៏បានផ្លាស់ប្តូរទស្សនៈលើការបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ជាពិសេសការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិផងដែរ។

នាឱកាសដ៏មានអត្ថន័យនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី

បានរំលឹកឡើងវិញនូវជំនួបដ៏មានផ្លែផ្ការវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី។ ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលឹកអំពីជំនួបរវាងឯកឧត្តម ជាមួយលោកជំទាវ ឱកសាណា លូត រដ្ឋមន្ត្រីក្រសួងកសិកម្មរុស្ស៊ី និងជាសហប្រធាននៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី កាលពីខែមិថុនា ឆ្នាំ២០២៦ ក៏ដូចជាជំនួបជាមួយ ឯកឧត្តម សឺហ្គេយ ឡាវរ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅទីក្រុងម៉ានីល កាលពីខែកក្កដាកន្លងទៅ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើនយ៉ាងរឹងមាំអស់រយៈពេល ៧០ ឆ្នាំមកនេះ ដោយបានគូសបញ្ជាក់ថា ឆ្នាំ២០២៦ នេះ គឺជាឆ្នាំប្រវត្តិសាស្ត្រមួយដ៏សំខាន់ ក្នុងការប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី៕