សហគ្រាសធុនតូច និងមធ្យមជាង ១០០ មករៀនត្រៀមខ្លួននាំចេញ និងធ្វើពាណិជ្ជកម្មបែបប្រព័ន្ធអេឡិចត្រូនិក

សង្គម​និង​សេដ្ឋកិច្ច

សហគ្រាសធុនតូចនិងមធ្យម ប្រមាណជាង ១០០ សហគ្រាស បានចូលរួមបណ្តុះបណ្តាលស្តីអំពី “ការត្រៀមសម្រាប់ការនាំចេញនិងពាណិជ្ជកម្មបែបប្រព័ន្ធអេឡិចត្រូនិកសម្រាប់ទីផ្សារអន្តរជាតិ” នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ក្រោមគម្រោងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា (Go4eCAM) នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសាលានេះ ដើម្បីពង្រឹងសមត្ថភាពបន្ថែមក្នុងការត្រៀមខ្លួនសម្រាប់ការនាំចេញប្រកបដោយការប្រកួតប្រជែងខ្ពស់ តាមរយៈផ្សារពាណិជ្ជកម្មបែបអេឡិចត្រូនិកឆ្លងកាត់ព្រំដែន ជាពិសេសការធ្វើប្រតិបត្តិការជាមួយផ្សារខេមបូឌាត្រេដ ក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។

ថ្លែងពិធីក្នុងសិក្ខាសាលានេះដែរ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោកស្រី តឹករ៉េត កំរង បានលើកឡើងបង្ហាញពីយុទ្ធសាស្ត្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការចាប់យកសេដ្ឋកិច្ចឌីជីថល ដូចជា យុទ្ធសាស្រ្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីសម្រាប់ការងើបឡើងវិញសេដ្ឋកិច្ចក្នុងបរិបទនៃការរស់នៅជាមួយកូវីដ-១៩ ឆ្លើយតបទៅនឹងបរិបទឧស្សាហកម្ម៤.០ និងកំណើនសន្ទុះដ៏ខ្លាំងខ្លានៃបច្ចេកវិទ្យាឌីជីថលក្នុងបរិបទកូវីដ-១៩នេះ។

ក្នុងនេះផងដែរ លោកស្រីក៏បានបញ្ជាក់ពីសមិទ្ធិផលសំខាន់ៗរបស់ ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តច្បាប់គតិយុទ្ធ និងយុទ្ធសាស្ត្រជម្រុញសេដ្ឋកិច្ចឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយរាជរដ្ឋាភិបាល រួមមាន ច្បាប់ស្តីអំពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការរៀបចំយុទ្ធសាស្ត្រសមាហរកម្មពាណិជ្ជកម្ម យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងក្របខណ្ឌគោលនយោបាយផ្សេងៗទៀត។

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់បន្ថែមថា សិក្ខាសាលាបណ្តុះបណ្តាលនេះធ្វើឡើងសម្រាប់សហគ្រាសធុនតូចនិងមធ្យម ក្នុងការលើកកម្ពស់ការយល់ដឹង ការត្រៀមខ្លួនសម្រាប់ការនាំចេញ និងការទាញយកអត្ថប្រយោជន៍ ពីវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល៕