ផ្អែកលើការជូនដំណឹងអំពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានបញ្ជាក់ពីការធ្លាក់ភ្លៀងច្រើនអាចបង្កជាជំនន់ទឹកភ្លៀង និងធ្វើឱ្យទឹកស្ទឹងទន្លេហក់ឡើងខ្ពស់ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំជាបន្ទាន់ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមអនុវត្តវិធានការការពារសុខភាព និងសុវត្ថិភាពដើម្បីកាត់បន្ថយគ្រោះថ្នាក់ជាអតិបរមា។


យោងតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា មុនពេលទឹកជំនន់មកដល់ ប្រជាពលរដ្ឋត្រូវតាមដានព័ត៌មានអាកាសធាតុជាប្រចាំ ដោយត្រៀមលក្ខណៈរៀបចំទីទួលសុវត្ថិភាព បម្រុងទុកស្បៀងអាហារ និងឱសថសង្គ្រោះបន្ទាន់។ បន្ថែមពីនេះ ត្រូវធ្វើរបងព័ទ្ធ ឬបោះបង្គោលចំណាំនៅកន្លែងទឹកជ្រៅ ព្រមទាំងថែរក្សាបរិស្ថានជុំវិញផ្ទះ និងសាងសង់បង្គន់ឱ្យបានខ្ពស់ផុតពីទឹក។
ក្រសួងសុខាភិបាល បន្ថែមថា អំឡុងពេលមានទឹកជំនន់ សុវត្ថិភាពស្នាក់នៅ និងការប្រើប្រាស់អគ្គិសនីជាចំណុចសំខាន់ ដោយមិនត្រូវចូលក្នុងផ្ទះទ្រុឌទ្រោម ឬប៉ះពាល់ឧបករណ៍អគ្គិសនីពេលដៃសើម និងកំពុងឈរក្នុងទឹកឡើយ។ ដើម្បីបង្ការជំងឺឆ្លង និងជំងឺសើស្បែក ត្រូវសម្រាន្តក្នុងមុងជាប្រចាំ និងងូតទឹកដុសសាប៊ូឱ្យបានស្អាត។ ចំពោះស្ត្រីមានផ្ទៃពោះជិតដល់ពេលសម្រាល ត្រូវទៅស្នាក់នៅជិតមណ្ឌលសុខភាព ហើយត្រូវនាំកុមារទៅចាក់ថ្នាំបង្ការតាមកាលកំណត់។ ចំពោះការហូបចុក ត្រូវពិសាតែទឹកស្អាត ឬទឹកដាំពុះ និងប្រើប្រាស់ថ្នាំក្លរីនឱ្យបានត្រឹមត្រូវ រួមជាមួយការបរិភោគអាហារឆ្អិនល្អ និងលាងដៃនឹងសាប៊ូជាប្រចាំ។ លើសពីនេះ ការធ្វើដំណើរតាមទូកត្រូវពាក់អាវពោងសុវត្ថិភាពជានិច្ច ហើយត្រូវប្រុងប្រយ័ត្នសត្វអសិរពិស ដូចជាពស់ចឹក ដោយត្រូវស្លៀកខោជើងវែង និងពាក់ស្បែកជើងកវែងពេលធ្វើដំណើរយប់។
ក្រោយពេលទឹកជំនន់ស្រកទៅវិញ ប្រជាពលរដ្ឋត្រូវបន្តរក្សាអនាម័យខ្លួនប្រាណ និងការហូបចុកឱ្យបានល្អដដែល។ មុននឹងប្រើប្រាស់ប្រភពទឹកឡើងវិញ ត្រូវធ្វើការស្តារ និងសម្អាតអណ្ដូងទឹក ព្រមទាំងជួសជុលបង្គន់ឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ ត្រូវពិនិត្យមើលភាពរឹងមាំនៃផ្ទះសម្បែង និងធ្វើអនាម័យលុបបំបាត់ទឹកដក់ជុំវិញផ្ទះ ដើម្បីកម្ទេចជម្រកមូសខ្លា និងមូសដែកគោល។
ក្រសួងសុខាភិបាល សង្កត់ធ្ងន់ថា ក្នុងករណីមានបញ្ហាសុខភាព ឬត្រូវសត្វអសិរពិសទិចឬខាំ សូមប្រញាប់ទៅស្វែងរកការពិគ្រោះ និងព្យាបាលជាបន្ទាន់នៅប៉ុស្តិ៍សុខភាពក្បែរទីទួលសុវត្ថិភាព មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត៕



