ភ្នំពេញ៖ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាតុមូលស្តីពី «ប្រព័ន្ធទូទាត់ឆ្លងដែន៖ ពីការដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ពន័្ធ រហូតដល់ការប្រើប្រាស់ដោយរលូនរបស់អតិថិជន» (Cross-border payment rails: from infrastructure roll-out to a smooth customer journey) កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី។

វេទិកានេះត្រូវបានរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយធនាគារកណ្តាលអ៊ីតាលី និងធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) ដោយថ្លែងសុន្ទរកថាបើកដោយ លោក Masato Kanda ប្រធាន ADB និង ឯកឧត្តម Fabio Panetta ទេសាភិបាលធនាគារកណ្តាលអ៊ីតាលី និងសុន្ទរកថាបិទដោយ លោក Chang Yong Rhee ទេសាភិបាលធនាគារកណ្តាលកូរ៉េ។
យោងតាមធនាគារជាតិកម្ពុជា លោកស្រីទេសាភិបាល បានចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ និងការពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់កម្ពុជាជាមួយប្រទេសក្នុងតំបន់និងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិ។

លោកស្រី បានលើកឡើងថា ការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជាត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិទទួលស្គាល់ថាបានបង្កើនការផ្តល់សេវហិរញ្ញវត្ថុទៅដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ជាពិសេសដល់តំបន់ដាច់ស្រយាល ដែលរួមចំណែកកាត់បន្ថយចំណាយ និងហានិភ័យក្នុងប្រតិបត្តិការទូទាត់ ក៏ដូចជាជំរុញការទូទាត់ឱ្យមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
លើសពីនេះ ប្រព័ន្ធទូទាត់កម្ពុជា ក៏បានជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ ដោយបង្កើនភាពងាយស្រួល និងលទ្ធភាពក្នុងការទូទាត់ជាមួយប្រទេសដែលកម្ពុជា បានភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយ៕




