សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទឹកជំនន់ឆ្នាំនេះនឹងហក់ឡើងដល់កម្រិតប្រកាសអាសន្ន ហើយអាជ្ញាធរពាក់ព័ន្ធត្រូវ ត្រៀមអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់នេះ។


ក្នុងឱកាសអញ្ជើញជាធិបតីភាពសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «សូមឱ្យពិនិត្យមើលនៅក្នុងត្រៀមអន្ដរាគមន៍។ អាទិភាពជីវិតរបស់ប្រជាជន សុវត្ថិភាពរបស់ប្រជាជន គឺសំខាន់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រៀមលក្ខណៈដើម្បីជួយគ្រប់កន្លែង»។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានបន្ថែមថា «យើងមិនអាចទប់គ្រោះធម្មជាតិ បាន១០០% ទេ ហើយក៏គ្មានប្រទេសណា អាចទប់បានដែរ ដូច្នេះ អាជ្ញាធរត្រូវត្រៀមអន្ដរាគមន៍គ្រប់ពេលវេលា»។
សូមជម្រាបជូនថា ក្នុងពេលដែលកម្ពុជាប្រឈមនឹងគ្រោះទឹកជំនន់នេះ ក្រសួងសុខាភិបាលក៏បានចេញសេចក្តីណែនាំជាបន្ទាន់ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមអនុវត្តវិធានការការពារសុខភាព និងសុវត្ថិភាពដើម្បីកាត់បន្ថយគ្រោះថ្នាក់ជាអតិបរមា ដោយត្រូវតាមដានព័ត៌មានអាកាសធាតុជាប្រចាំ ត្រៀមលក្ខណៈរៀបចំទីទួលសុវត្ថិភាព បម្រុងទុកស្បៀងអាហារ និងឱសថសម្រាប់សង្គ្រោះបន្ទាន់៕

