កិច្ចប្រជុំកំពូល រវាងក្រសួងកសិកម្ម និងដៃគូអន្តរជាតិ (IFAD, EU, EIB) នឹងជំរុញខ្សែច្រវាក់តម្លៃកសិកម្ម និងភាពធន់នឹងអាកាសធាតុបន្ថែមទៀត នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និងគម្រោង CREA បានដឹកនាំកិច្ចប្រជុំផ្ដើមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) និងធនាគារវិនិយោគអឺរ៉ុប (EIB) ដើម្បីមើលថែ និងតម្រង់ទិសការអនុវត្តកម្មវិធី និងគម្រោងបង្កើនភាពធន់នឹងអាកាសធាតុក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា (CREA project) កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ ១) ជម្រាបអំពីគោលបំណង និងកម្មវិធីការងាររបស់បេសកកម្ម ២) ពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពដែលបានព្រមព្រៀងគ្នា (Agreed Actions) នៅក្នុងបេសក កម្មលើកមុន និង ៣) ពិភាក្សា និងកំណត់សកម្មភាពដែលត្រូវអនុវត្តបន្ត នៅក្នុងឆ្នាំ ២០២៦ ។ បេសកកម្មនេះដែលមានរយៈពេល ១២ ថ្ងៃនេះ នឹងផ្តោតជាពិសេសលើលទ្ធផល ឬ ផ្លែផ្កានៃការអនុវត្តសកម្មភាពរបស់កម្មវិធី និងគម្រោងខាងលើ ដើម្បីគាំទ្រកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនកសិកម្ម ក្នុងការបង្កើនផលិតភាព គុណភាព ការកែច្នៃ និងការលក់ផលិតផលកសិកម្ម ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ។

គួរបញ្ជាក់ថាកម្មវិធី ASPIRE-AT និងគម្រោង CREA កំពុងត្រូវបានគ្រប់គ្រង និងដឹកនាំការអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយប្រើប្រាស់ការគាំទ្របច្ចេកទេស និងថវិកាដែលរាជរដ្ឋាភិបាលកម្ពុជាបានខ្ចី និងទទួលជាជំនួយពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) មូលនិធិបរិស្ថានសាកល (GEF) និងអង្គការសហប្រតិបត្តិការត្រីកោណ ត្បូង-ត្បូង (SSTC)៕