រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរៀបចំសេចក្តីព្រាងច្បាប់មួយ ដើម្បីគិតថ្លៃសេវាលើសពី ១០០ ០០០ដុល្លារសម្រាប់ទិដ្ឋាការ H-1B ដែលប្រើប្រាស់ដោយកម្មករជំនាញបរទេសធ្វើការនៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (DHS) បានបញ្ជាក់នៅក្នុងឯកសារមួយថា រដ្ឋបាលរបស់លោក ត្រាំ កំពុងស្នើឲ្យអនុវត្តថ្លៃសេវាចំនួន ១០៣ ២៦៥ដុល្លារ ចំពោះការដាក់ពាក្យសុំទិដ្ឋាការ H-1B ទាំងអស់ដែលស្ថិតនៅក្រោមការរឹតបន្តឹងកូតា រួមទាំងសម្រាប់កម្មករដែលមានជំនាញខ្ពស់ដែលមានឋានៈអាទិភាពពិសេសរួចហើយក៏ដោយ។
យោងតាម DHS បានបង្ហាញឲ្យដឹងទៀតថា អ្នកដាក់ពាក្យសុំត្រូវតែបង់ប្រាក់នៅក្នុងចំនួននេះ នៅពេលដាក់ពាក្យសុំរបស់ពួកគេ បន្ថែមពីលើថ្លៃសេវាផ្សេងទៀតដែលត្រូវការ។ ថ្លៃសេវានេះមានបំណងជួយរដ្ឋាភិបាលសហព័ន្ធទូទាត់ដោយផ្នែកនូវការចំណាយប្រតិបត្តិការនៃប្រព័ន្ធអន្តោប្រវេសន៍ស្របច្បាប់។
គួរជម្រាបជូនថា ទិដ្ឋាការ H-1B គឺជាទិដ្ឋាការមិនមែនអន្តោប្រវេសន៍ដែលចេញដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យក្រុមហ៊ុនក្នុងស្រុកជួលកម្មករបរទេសដែលមានជំនាញខ្ពស់ឱ្យមកធ្វើការនៅសហរដ្ឋអាមេរិកក្នុងរយៈពេលជាក់លាក់ណាមួយ។ ទិដ្ឋាការ H-1B នេះ ជាធម្មតាមានរយៈពេលសុពលភាពបីឆ្នាំ ហើយអ្នកកាន់ទិដ្ឋាការអាចដាក់ពាក្យសុំបន្ត ឬទទួលបានប័ណ្ណបៃតងតែម្តង៕

