ការលក់ស្មាតហ្វូននៅក្នុងប្រទេសចិន ធ្លាក់ចុះ ១៣% ចំពេលបន្ទះឈីបអង្គចងចាំហក់ឡើងថ្លៃ

អន្តរជាតិ

ការលក់ស្មាតហ្វូននៅក្នុងប្រទេសចិន បានធ្លាក់ចុះជាង ១៣% បើធៀបទៅនឹងឆ្នាំមុន ក្នុងអំឡុងពេលពិធីបុណ្យដើរទិញទំនិញរយៈពេលមួយខែពេញរបស់ចិន ខណៈពេលដែលម៉ាកយីហោស្មាតហ្វូនមួយចំនួន បានដំឡើងថ្លៃ ដើម្បីទូទាត់ថ្លៃដើមនៃបន្ទះឈីបអង្គចងចាំដែលកំពុងហក់ឡើងយ៉ាងខ្លាំង នៅឆ្នាំនេះ។ នេះពើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យពីស្ថាប័នស្រាវជ្រាវ Counterpoint Research បានបង្ហាញថា ការលក់ស្មាតហ្វូនរបស់ចិន បានមើលឃើញពីការធ្លាក់ចុះ ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី២១ ខែមិថុនា ដោយសារម៉ាកយីហោចិនសំខាន់ៗទាំងអស់លើងលែងតែ Huawei បានប្រកាសពីការធ្លាក់ចុះការលក់របស់ខ្លួនយ៉ាងខ្លាំង ដោយសារតែមានការផ្សព្វផ្សាយតិចជាង បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលបានជះឥទ្ធិពលដល់តម្រូវការ។ ក្នុងនោះការលក់របស់ក្រុមហ៊ុន Honor បានធ្លាក់ចុះ ៣៣% ខណៈពេលដែល Xiaomi បានធ្លាក់ចុះ ២៤%។

ទន្ទឹមនឹងនេះ តម្លៃបន្ទះឈីបអង្គចងចាំខ្ពស់ ​ក៏បានជំរុញឱ្យថ្លៃដើមទូរស័ព្ទកើនឡើងនៅឆ្នាំនេះផងដែរ ដែលធ្វើឱ្យម៉ាកយីហោស្មាតហ្វូនរបស់ចិន កាត់បន្ថយការផ្តល់ជូនចំពោះការបញ្ចុះតម្លៃយ៉ាងច្រើន បើធៀបទៅនឹងឆ្នាំមុន។

គួរជម្រាបជូនថា ក្រុមហ៊ុន Huawei Technologies បាននាំមុខគេក្នុងទីផ្សារប្រទេសចិនជាមួយនឹងចំណែកទីផ្សារ ២១% ហើយក៏ជាម៉ាកយីហោធំតែមួយគត់ដែលបានកត់ត្រាកំណើនប្រចាំឆ្នាំក្នុងអំឡុងពេលពិធីបុណ្យដើរទិញទំនិញនៅឆ្នាំនេះផងដែរ ដោយការលក់បានកើនឡើង ១៩% ខណៈពេលដែល Apple ដែលមានចំណែកទីផ្សារធំទី២ បានឃើញការលក់ធ្លាក់ចុះអស់ ៩%៕