សេដ្ឋីម្ចាស់ប្រែនការ៉េមថៃម្នាក់ ប្រកាសលក់អាជីវកម្មចោលក្នុងតម្លៃ ៥លានដុល្លារ ដើម្បីបួសជាព្រះសង្ឃ

អន្តរជាតិ

ស្ថាបនិកម៉ាកយីហោការ៉េមថៃ Hawell’s កំពុងប្រកាសដាក់លក់អាជីវកម្មរបស់ខ្លួន នៅក្នុងតម្លៃ ១៦៥លានបាត (៥លានដុល្លារអាមេរិក) ដើម្បីសម្រេចគោលបំណងចុងក្រោយ ក្នុងការបួសជាព្រះសង្ឃ និងលះបង់ជីវិតលោកិយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Siripong Akkarasriyuk ប្រធានក្រុមហ៊ុន Hawell’s (Thailand) Co Ltd បានប្រកាសដាក់លក់អាជីវកម្មរបស់ខ្លួន នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយនិយាយថាលោកកំពុងស្វែងរកអ្នកស្នងតំណែងថ្មី និងដាក់តម្លៃក្រុមហ៊ុនចំនួន ៥លានដុល្លារ។ នេះបើយោងតាមកាសែត Bangkok Post។

លោក Siripong ដែលបានបង្កើតហាងការ៉េម Hawell’s ក្នុងឆ្នាំ១៩៩៩ បាននិយាយនៅក្នុងសារនោះថា លោកបានចំណាយពេលពីរឆ្នាំកន្លងមកនេះក្នុងការចរចាយ៉ាងទូលំទូលាយជាមួយផ្សារទំនើបដើម្បីបើកសាខាថ្មី ប៉ុន្តែត្រូវបានខាងគេប្រាប់ម្តងហើយម្តងទៀតថាគ្មានកន្លែងទំនេរទេ ទោះបីជាមានទីតាំងទំនេរ ក៏ផ្សារទាំងនោះមិនផ្តល់ជូនកន្លែងឲ្យផងដែរ។

ទន្ទឹម​នឹង​នេះ ការ​បើក​ហាង​ដាច់​ដោយ​ឡែក ​នឹង​តម្រូវ​ឱ្យ​មាន​ការ​វិនិយោគ​ច្រើន។ ដូច្នេះ ការ​ផ្តល់​សិទ្ធិ​ផ្តាច់​មុខ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជម្រើសដ៏ល្អ​មួយ ប៉ុន្តែ​បន្ទាប់​ពី​ការ​ពិចារណា​យ៉ាង​ហ្មត់ចត់ លោក Siripong បាន​សន្និដ្ឋាន​ថា វា​អាច​នឹងបង្កើត​បញ្ហា​បន្ថែម​ទៀត និង​អាច​បង្ក​ការ​ខូចខាត​ដល់​ម៉ាក​យីហោរបស់ខ្លួន ដូច្នេះជម្រើសចុងក្រោយគឺមានតែលក់អាជីវកម្មទាំងស្រុង ហើយទៅបួសជាព្រះសង្ឃវិញ។

គួរជម្រាបជូនថា ជុំវិញការ​លំបាក​ទាំងនេះ បាន​កើត​ឡើង​នៅ​ពេល​ដែល​ដៃគូ​ប្រកួតប្រជែង​ធំៗ​បាន​ចាប់ផ្តើម​ចរចា​លើ​កុងត្រា​ប្រើប្រាស់​សិទ្ធផ្តាច់មុខ​ជាមួយ​ផ្សារ​ទំនើប​ដើម្បី​ការពារ​ដៃគូ​ប្រកួតប្រជែង​ផ្ទាល់​ពី​ការ​បើក​សាខា។ បញ្ហានេះ​ បាន​បង្ខំ​ឱ្យ​សាខារបស់ Hawell’s ស្ទើរតែ​ទាំងអស់​ត្រូវ​បិទ៕​