ប្រធានាធិបអាមេរិក លោក ដូណាល់ ត្រាំ បានបន្តគំរាមដំឡើងពន្ធគយបន្ថែមទៀតលើរថយន្ត ឡានដឹកទំនិញ និងគ្រឿងបន្លាស់រថយន្តទាំងអស់ពីប្រទេសកាណាដា ដល់ ៥០% ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ ដែលធ្វើឲ្យជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែធ្ងន់ធ្ងរឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការបរាជ័យចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលស្ថិតនៅលើតុចរចា កាលពីសប្តាហ៍មុន ដែលនឹងត្រូវកាត់បន្ថយអត្រាពន្ធលើរថយន្ត និងឡានដឹកទំនិញធុនស្រាលរបស់ប្រទេសកាណាដា ពី ២៥% មកត្រឹម ១៥% និងពន្ធលើអាលុយមីញ៉ូម និងដែកថែបពី ៥០% មកត្រឹម ២៥%។
យ៉ាងណាមិញ ការប្រកាសរបស់លោក ត្រាំ នេះ ហាក់បានគំរាមកំហែងយ៉ាងខ្លាំងដល់ខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តដ៏ធំបំផុតមួយរបស់ពិភពលោក។ ការផលិតរថយន្តរបស់សហរដ្ឋអាមេរិក ពឹងផ្អែកយ៉ាងខ្លាំងទៅលើគ្រឿងបន្លាស់ និងយានយន្តដែលផលិតនៅប្រទេសកាណាដា ហើយពន្ធខ្ពស់អាចបង្កើនថ្លៃដើមសម្រាប់ក្រុមហ៊ុនផលិតរថយន្ត និងអ្នកប្រើប្រាស់អាមេរិកបន្ថែមទៀត។
ទន្ទឹមនឹងនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Quebec កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយថា កិច្ចព្រមព្រៀងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជាមួយសហរដ្ឋអាមេរិកគឺអាចធ្វើទៅបាន ប៉ុន្តែលុះត្រាតែជនជាតិអាមេរិកគោរពអធិបតេយ្យភាពរបស់ប្រទេសកាណាដាជាមុនសិន។
ជម្រាបជូនផងដែរថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកាណាដា ក៏បានប្រកាសដាក់ពន្ធសងសឹកទៅលើសហរដ្ឋអាមេរិកវិញផងដែរ ដោយនឹងផ្តោតលើឧស្សាហកម្មដែកថែប និងផលិតផលទឹកដោះគោ ហើយវានឹងត្រូវចូលជាធរមាននៅថ្ងៃទី៨ ខែកញ្ញាខាងមុខ៕

