ប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗនេះ បាននិយាយថា ខ្លួនបានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីប្រឆាំងទៅនឹងបណ្តាញសង្គម Telegram សម្រាប់ការចោទប្រកាន់មួយថា បានផ្សព្វផ្សាយខ្លឹមសារដែលអាចបំផ្លាញការជឿទុកចិត្តនៅក្នុងស្ថាប័នសាធារណ: និងគំរាមកំហែងដល់សណ្តាប់ធ្លាប់សង្គម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
គណៈកម្មការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី (MCMC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះគឺជាចំណាត់ការផ្លូវច្បាប់ជាលើកដំបូងប្រឆាំងនឹងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម នៅក្នុងប្រទេស។
MCMC បានបន្ថែមឲ្យដឹងទៀតថា ឆាណែល Telegram ក្នុងស្រុកចំនួនពីរគឺ “Edisi Siasat” និង “Edisi Khas” ត្រូវបានគេរកឃើញថាបានចេញផ្សាយខ្លឹមសារដែលបំពានលើបទប្បញ្ញត្តិនៅក្រោមច្បាប់ទំនាក់ទំនង និងពហុព័ត៌មានឆ្នាំ១៩៩៨។
នៅក្នុងពាក្យបណ្តឹងនោះ ស្ថាប័នខាងលើ បានចោទប្រកាន់ Telegram ពី ការបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការដោះស្រាយខ្លឹមសារដែលត្រូវបានរាយការណ៍ម្តងហើយម្តងទៀតទៅកាន់ក្រុមហ៊ុន បើទោះបីជាមានការខិតខំប្រឹងប្រែងចរចាផ្សេងៗ ពីសំណាក់ MCMC ក៏ដោយ។
មិនតែប៉ុណ្ណោះ MCMC ក៏បានព្រមានទៀតផងដែរថា អាជ្ញាធរនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការស្រដៀងគ្នានេះប្រឆាំងនឹងក្រុមហ៊ុនបណ្តាញសង្គមផ្សេងទៀតទេ ដោយបន្ថែមថាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ មានទំនួលខុសត្រូវសង្គម ដើម្បីធានាបានថាខ្លឹមសាររបស់ពួកគេ មិនបំពានច្បាប់ម៉ាឡេស៊ី៕