នាយកទីភ្នាក់ងារសេវាសម្ងាត់អាមេរិក (CIA) លោក John Ratcliffe បានធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ីហើយ តាមរយៈយន្តហោះដឹកជញ្ជូនយោធារបស់សហរដ្ឋអាមេរិក ខណៈដំណើរទស្សនកិច្ចដែលមិនបានប្រកាសទុកមុននេះ ត្រូវបានរៀបចំឡើងដើម្បីដឹកនាំកិច្ចប្រជុំសំខាន់ៗមួយចំនួន នៅក្នុងទីក្រុងម៉ូស្គូ។ នេះបើការចុះផ្សាយពីសារព័ត៌មាន AFP។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់នៅថ្ងៃទី២៦ ខែសីហាថា នាយក CIA លោក John Ratcliffe ពិតជាបានធ្វើដំណើរទៅដល់ទីក្រុងម៉ូស្គូ ដើម្បីបើកកិច្ចប្រជុំមួយ ដែលឲ្យឈ្មោះថា “ការធ្វើទំនាក់ទំនងរវាងភ្នាក់ងារសន្តិសុខ” ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។
ទន្ទឹមនឹងនេះ ទិន្នន័យតាមដានជើងហោះហើរពី Flightradar24 បានបង្ហាញថា យន្តហោះដឹកជញ្ជូនយោធាដ៏ធំរបស់អាមេរិកប្រភេទ Boeing C-17 Globemaster បានចាកចេញពីមូលដ្ឋានទ័ពអាកាស Andrews ក្នុងរដ្ឋ Maryland ដោយបានឈប់ចតនៅទីក្រុង Riga ប្រទេសឡាតវី កាលពីថ្ងៃទី២៣ ខែសីហា មុនពេលបន្តដំណើរ និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Vnukovo ក្នុងទីក្រុងម៉ូស្គូ នាថ្ងៃទី២៥ ខែសីហា។
ប៉ុន្មានម៉ោងមុនពេលប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍អំពីដំណើរទស្សនកិច្ចរបស់នាយក CIA រូបនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ពួកគេមិនមានព័ត៌មានអំពីជើងហោះហើរដូចដែលបានបង្ហាញក្នុងទិន្នន័យ Flightradar24 នោះទេ។
គួរជម្រាបជូនថា លើកចុងក្រោយដែលនាយក CIA បានទៅទស្សនកិច្ចនៅប្រទេសរុស្ស៊ី គឺនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ពោលគឺប៉ុន្មានខែមុនពេលប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឱ្យបើកប្រតិបត្តិការនៅអ៊ុយក្រែន។ កាលណោះ នាយក CIA លោក William Burns បានជួបជាមួយលោក Nikolai Patrushev ដែលជាអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី៕

