SpaceX ត្រៀមបោះលុយវិនិយោគ ១០០ពាន់លានដុល្លារ សង់មជ្ឈមណ្ឌលរ៉ុក្កែត Starship ថ្មី នៅក្នុងរដ្ឋ Louisiana

អន្តរជាតិ

ក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋីមានដាច់គេលើលោក Elon Musk បានដាក់បង្ហាញផែនការដើម្បីសាងសង់មជ្ឈមណ្ឌលបាញ់បង្ហោះរ៉ុក្កែតដ៏ធំបំផុតរបស់ខ្លួននៅក្នុងភាគខាងត្បូងនៃរដ្ឋ Louisiana ជាមួយទុនវិនិយោគ ១០០ ពាន់លានដុល្លារ ក្នុងការកែប្រែតំបន់ដីសើមឆ្នេរសមុទ្រ ឲ្យទៅជាមូលដ្ឋានដ៏សំខាន់សម្រាប់រ៉ុក្កែត Starship និងមជ្ឈមណ្ឌលផ្ទូកទិន្នន័យ AI លើលំហរបស់ក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មជ្ឈមណ្ឌលបាញ់បង្ហោះដែលមានទំហំប្រហែល ៥០ ៥៨៥ ហិកតា នៅលើកោះ Pecan ដែលក្រុមហ៊ុន SpaceX ដាក់ឈ្មោះថា Starbase Louisiana នេះ គឺជាការប្រមូលផ្តុំពង្រីកប្រតិបត្តិការបាញ់បង្ហោះរបស់យាន Starship របស់ក្រុមហ៊ុន បន្ថែមលើទីតាំងដែលមានស្រាប់នៅភាគខាងត្បូងរដ្ឋ Texas និងទីតាំងដែលបានគ្រោងទុកនៅរដ្ឋ Florida ខណៈពេលដែលរ៉ុក្កែតជំនាន់ក្រោយនេះ កំពុងស្ថិតក្នុងការអភិវឌ្ឍដល់ដំណាក់កាលចុងក្រោយហើយ។

យ៉ាងណាមិញ បើតាមប្រធានក្រុមហ៊ុន SpaceX លោកស្រី Gwynne Shotwell បាននិយាយថា ទីតាំង Starbase ទីពីររបស់ក្រុមហ៊ុននេះ នឹងមានសមត្ថភាពបាញ់បង្ហោះយាន Starship បានរហូតដល់រាប់ពាន់ជើងក្នុងមួយឆ្នាំ ដោយលោកស្រីបានបញ្ជាក់ឡើងវិញពីគោលដៅដ៏ធំធេងនេះ ដែលអាស្រ័យលើការដោះស្រាយបញ្ហាប្រឈមផ្នែកវិស្វកម្មដ៏លំបាក និងរបាំងច្បាប់នានា។

ក្រុមហ៊ុន SpaceX បានបង្ហាញឱ្យដឹងថា ការសាងសង់នឹងចាប់ផ្តើមនៅឆ្នាំក្រោយ ហើយការបាញ់បង្ហោះរ៉ុក្កែត Starship លើកដំបូងនឹងធ្វើឡើងនៅឆ្នាំ២០២៩។ លោកស្រី Shotwell បានលម្អិតពីផែនការនេះនៅជិតទីតាំងដែលបានស្នើឡើង ក្នុងតំបន់ Vermilion Parish រដ្ឋ Louisiana ក្នុងព្រឹត្តិការណ៍មួយជាមួយអភិបាលរដ្ឋ Jeff Landry និងមន្ត្រីជាន់ខ្ពស់រដ្ឋផ្សេងទៀត។

គួរជម្រាបជូនថា SpaceX បានពង្រីកវត្តមានរបស់ខ្លួនយ៉ាងខ្លាំងនៅភាគខាងត្បូងសហរដ្ឋអាមេរិក ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានសាងសង់មជ្ឈមណ្ឌលទិន្នន័យ Colossus AI នៅក្នុងរដ្ឋ Tennessee និង Mississippi និងទីតាំង Starlink នៅក្រុង Austin រដ្ឋ Texas។ លើសពីនេះ ក្រុមហ៊ុនក៏កំពុងរៀបចំផែនការសាងសង់រោងចក្រផលិតបន្ទះឈីបដ៏ធំបំផុត នៅភាគកណ្តាលរដ្ឋ Texas ផងដែរ៕​