ប្រធានាធិបតីអ៊ុយក្រែន ផ្តល់រង្វាន់គ្រឿងឥស្សរិយយសខ្ពស់បំផុតដល់មហាសេដ្ឋី Elon Musk

អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រគល់គ្រឿងឥស្សរិយយស Order of Freedom ជូនដល់លោក Elon Musk ព្រមទាំងបានស្វែងរកការអនុញ្ញាតពីមហាសេដ្ឋីអាមេរិករូបនេះ ដើម្បីចូលទៅប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតតាមផ្កាយរណប Starlink នៅក្នុងទឹកដីរុស្ស៊ី ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Kyiv Independent ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងក្រឹត្យមួយដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានថ្លែងថា លោក Elon Musk ត្រូវបានផ្តល់ជូនគ្រឿងឥស្សរិយយស Order of Freedom សម្រាប់ “ការរួមចំណែកដល់ការការពារសេរីភាព និងជីវិតមនុស្ស ព្រមទាំងការអភិវឌ្ឍទំនាក់ទំនងរវាងប្រជាជនអ៊ុយក្រែន និងសហរដ្ឋអាមេរិក”។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បាននិយាយទៀតថា នេះគឺជាគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ប្រទេស ដែលត្រូវបានប្រគល់ជូនដល់ពលរដ្ឋបរទេស។ យ៉ាងណាមិញ លោក Elon Musk ហាក់នៅមិនទាន់បានធ្វើការអត្ថាធិប្បាយណាមួយ ជុំវិញការទទួលបានគ្រឿងឥស្សរិយយស Order of Freedom ពីប្រធានាធិបតីអ៊ុយក្រែននេះ នៅឡើយទេ។

ជុំវិញការផ្តល់ជូននេះ បានកើតឡើងចំពេលដែលអ៊ុយក្រែនមានបំណងចង់បានការអនុញ្ញាតពី SpaceX ក្នុងការប្រើប្រាស់ប្រព័ន្ធ Starlink របស់ខ្លួន ដើម្បីបញ្ជាដ្រូន (UAVs) វាយប្រហារលើទីតាំងបាញ់កាំជ្រួចបាលីស្ទិកនៅក្នុងដីរុស្ស៊ី ក្នុងគោលបំណងបង្ការកុំឱ្យទីក្រុងម៉ូស្គូបាញ់កាំជ្រួចសំដៅលើទីក្រុងនានា ក្នុងប្រទេសអ៊ុយក្រែន។

គួរឲ្យដឹងថាក្រុមហ៊ុន SpaceX របស់លោក Musk បានបើកប្រតិបត្តិការបណ្តាញអ៊ីនធឺណិតផ្កាយរណប Starlink ដែលជាប្រព័ន្ធមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាការតភ្ជាប់ទំនាក់ទំនងក្នុងប្រទេសអ៊ុយក្រែន ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយកងទ័ពនៃប្រទេសនេះ ចាប់តាំងពីជម្លោះជាមួយរុស្ស៊ី បានផ្ទុះឡើងនៅដើមឆ្នាំ២០២២ មក៕​