ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះបានគំរាមម្តងទៀត ដើម្បីដំឡើងពន្ធគយខ្ពស់លើទំនិញរបស់ប្រទេសឥណ្ឌា ជុំវិញការបន្តទិញប្រេងពីរុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងការបង្ហោះសារមួយលើបណ្តាញសង្គម Truth Social លោក ត្រាំ បាននិយាយថា ៖” ឥណ្ឌាមិនត្រឹមតែទិញប្រេងរុស្ស៊ីក្នុងបរិមាណដដ៏ច្រើននោះទេ ប៉ុន្តែពួកគេក៏បានលក់វាវិញនៅលើទីផ្សារបើកចំហរ ដើម្បីទទួលបានប្រាក់ចំណេញដ៏ច្រើន ផងដែរ។ ពួកគេមិនខ្វល់ថាមានមនុស្សប៉ុន្មាននាក់នៅអ៊ុយក្រែនត្រូៈបានសម្លាប់ដោយអាវុធរបស់រុស្ស៊ី”។
លោកបន្ថែមទៀតថា ៖” ដោយសារតែបញ្ហានេះហើយ ខ្ញុំនឹងដំឡើងពន្ធយ៉ាងច្រើនដែលឥណ្ឌាត្រូវបង់ទៅឲ្យសហរដ្ឋអាមេរិក”។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងញូវដែលីបានហៅការគំរាមរបស់លោក ត្រាំ នេះថាជារឿងមិនសមហេតុផល ហើយបានប្តេជ្ញាការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។
មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌា បាននិយាយទៀតថា ប្រទេសរបស់ខ្លួននឹងចាត់រាល់វិធានការទាំងអស់ ដើម្បីការពារផលប្រយោជន៍ជាតិ និងសន្តិសុខសេដ្ឋកិច្ចរបស់ខ្លួន។
ជម្រាបជូនផងដែរថា លោក ត្រាំ បាននិយាយកាលពីចុងសប្តាហ៍មុនថា លោកនឹងដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ក៏ដូចជាប្រទេសណាមួយដែលទិញចូលប្រេងពីរុស្ស៊ី ផងដែរ៕

