VinFast បើកដំណើរការរោងចក្រផលិតរថយន្ត EV​ ក្នុងស្រុកទីពីររបស់ខ្លួន​​​ ចំពេលមានការពង្រីកជាសកល​

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់កំពូលរបស់វៀតណាម​ VinFast​ កាលពីថ្ងៃទី២៩​ ខែមិថុនា បានចាប់ផ្តើមបើកដំណើរការផលិតកម្ម​ នៅរោងចក្រក្នុងស្រុកទីពីររបស់ខ្លួន​ ក្នុងគោលបំណងបង្កើនទិន្នផលបន្ថែម ចំពេលផែនការពង្រីកអាជីវកម្មជាសកល​ កំពុងប្រឈមមុខទៅនឹងការពន្យារពេល។​ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

VinFast បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា​ រោងចក្រថ្មីរបស់ខ្លួននេះ នឹងមានទីតាំងស្ថិតនៅក្នុងខេត្ត Ha Tinh ភាគកណ្តាល ប្រទេសវៀតណាម ដោយមានសមត្ថភាពផលិតប្រចាំឆ្នាំដំបូងចំនួន​ ២សែនគ្រឿង និងលាតសន្ធឹងលើផ្ទៃដីទំហំ ៣៦ ហិកតា។

គួរឲ្យដឹងថា VinFast ដែលគាំទ្រដោយក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនធំជាងគេរបស់វៀតណាម បានកំណត់គោលដៅប្រកបដោយមហិច្ឆតា ក្នុងការបង្កើតរោងចក្រផលិតរថយន្ត EV ខ្លួន​ នៅក្នុងទីផ្សារអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក ឥណ្ឌា និងឥណ្ឌូណេស៊ី ផងដែរ។​ តែទោះជាយ៉ាងណាក៏ដោយ ផែនការនេះ​ បាននិងកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើន ក្នុងការពង្រីកអាជីវកម្មជាសកលរបស់ខ្លួន រួមទាំងតម្រូវការដែលកំពុងធ្លាក់ចុះ និងការប្រកួតប្រជែងដ៏តឹងតែង ផងដែរ។​​

យ៉ាងណាមិញ​ លោក Nguyen Viet Quang នាយកប្រតិបត្តិក្រុមហ៊ុន Vingroup បានមានប្រសាសន៍ថា ៖“នៅពេលដំណើរការ រោងចក្រ VinFast Ha Tinh វានឹងរួមចំណែកដល់គោលដៅរបស់ VinFast ក្នុងការផលិតរថយន្តឲ្យបានចំនួន ១ លានគ្រឿងក្នុងមួយឆ្នាំ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងបរទេស​ ដែលកំពុងកើនឡើង”។

ជម្រាបជូនថា​​ ក្រុមហ៊ុនផលិតរថយន្ត EV ខ្នាតយក្សវៀតណាម បានកំណត់គោលដៅចែកចាយរថយន្តចំនួន ២០០ ០០០ គ្រឿងសម្រាប់ឆ្នាំ២០២៥ ដោយក្នុងរយៈពេលប្រាំខែដំបូង ពួកគេអាចលក់បានប្រហែល​ ៥៦​ ​០០០​គ្រឿង ជាពិសេសនៅទីផ្សារក្នុងស្រុករបស់ខ្លួន៕​