ធនាគារកណ្តាលអាមេរិក Fed ទំនងដំឡើងអត្រាការប្រាក់បន្ថែម ក្រោយឃើញរបាយការណ៍អតិផរណា​

អន្តរជាតិ

លទ្ធភាពដែលធនាគារកណ្តាលអាមេរិក (Fed) អាចនឹងដំឡើងអត្រាការប្រាក់បន្ថែមទៀត បានកើនឡើងបន្តិច បន្ទាប់ពីមានការចេញផ្សាយតួលេខអតិផរណា សម្រាប់ខែកក្កដា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២៦ ខែសីហា ក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាសថា សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) សម្រាប់ខែកក្កដា បានកើនឡើង ៣,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះគឺខ្ពស់ជាងខែមុនបន្តិច (៣,៦%) និងនៅតែខ្ពស់ជាងគោលដៅ ២% របស់ Fed ឆ្ងាយ។

គួរឲ្យដឹងផងដែរថា PCE គឺជាវិធានការវាស់វែងអតិផរណាដែល Fed ចូលចិត្តប្រើប្រាស់បំផុត សម្រាប់ការបង្កើន ឬទម្លាក់អត្រាប្រាក់របស់ខ្លួន។ នេះជាខែទី៦៥ ជាប់ៗគ្នាដែលអតិផរណារបស់អាមេរិក បានកើនឡើងលើសពីគោលដៅកំណត់។

យ៉ាងណាមិញ Fed បានបន្តរក្សាអត្រាការប្រាក់គោលរបស់ខ្លួនឱ្យនៅដដែលក្នុងកម្រិត ៣,៥ – ៣,៧៥% ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥។ ប្រធាន Fed ថ្មី លោក Kevin Warsh នៅតែប្តេជ្ញាចិត្តក្នុងការនាំយកអតិផរណាឱ្យខិតជិតគោលដៅរបស់ខ្លួន ប៉ុន្តែលោកមិនទាន់បានបញ្ជាក់ច្បាស់ថា តើគោលដៅនេះអាចសម្រេចបានដោយមិនចាំបាច់ដំឡើងអត្រាការប្រាក់ដែរឬអត់នោះទេ។

ទន្ទឹមនឹងនេះ លោកស្រី Heather Long ប្រធានផ្នែកសេដ្ឋកិច្ចនៅ Navy Federal Credit Union បាននិយាយថា៖”សហរដ្ឋអាមេរិកនៅតែប្រឈមមុខនឹងបញ្ហាអតិផរណាខ្ពស់។ ទិន្នន័យចុងក្រោយនេះផ្តល់ពេលវេលាបន្ថែមឱ្យលោក Warsh ក្នុងការរង់ចាំ និងតាមដានមើល។ ប៉ុន្តែលោកចាំបាច់ត្រូវតែមានភាពច្បាស់លាស់ជាងនេះអំពីអ្វីដែលលោកកំពុងតាមដាន និងអ្វីដែលជាកត្តារុញច្រានឱ្យពួកគេដំឡើងអត្រាការប្រាក់បន្ថែមទៀត”។

គួរជម្រាបជូនថា ថ្មីៗនេះ មន្ត្រី Fed កាន់តែច្រើនឡើងបានសម្តែងការគាំទ្រចំពោះការដំឡើងអត្រាការប្រាក់ដើម្បីទប់ស្កាត់អតិផរណា។ បច្ចុប្បន្ន អ្នកវិនិយោគព្យាករថាមានឱកាសដល់ទៅ ៤៤% ហើយ ដែល Fed នឹងចាត់វិធានការជុំវិញការដំឡើងអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំខែកញ្ញារបស់ខ្លួន៕​