បណ្តុះថ្នាលគុនខ្មែរលើឆាកអន្តរជាតិ! ទឹកពិសាកម្ពុជា ឧបត្ថម្ភទាំងស្រុងលើដំណើរបញ្ជូនកីឡាករថ្នាល ព្រមទាំងគ្រូបង្វឹកជាង ១០០ នាក់ទៅប្រកួតនៅប្រទេសវៀតណាម

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ ពីសង្វៀនថ្នាលក្នុងស្រុក ឆ្ពោះទៅកាន់ឆាកអន្តរជាតិ! ទឹកពិសាកម្ពុជា បន្តបើកឱកាសដល់កីឡាករគុនខ្មែរជំនាន់ក្រោយជាង ១០០នាក់ តាមរយៈការឧបត្ថម្ភទាំងស្រុងលើដំណើរទៅចូលរួមការប្រកួត 1st Asian Kun Khmer Championship នៅប្រទេសវៀតណាម ដែលមានកីឡាករមកពីជាង ១៧ប្រទេស ចូលរួម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសន្និសីទសារព័ត៌មាន «ការប្រកួត 1st Asian Kun Khmer Championship នៅប្រទេសវៀតណាម» អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានលើកទឹកចិត្តកីឡាករថ្នាលទាំងអស់ឱ្យមានទំនុកចិត្ត ហើយប្រើប្រាស់ឱកាសនេះ ដើម្បីបង្ហាញសមត្ថភាព រៀនសូត្រពីបទពិសោធន៍ជាក់ស្តែង និងអភិវឌ្ឍខ្លួនឆ្ពោះទៅក្លាយជាកីឡាករឆ្នើមនាពេលអនាគត។

ជាមួយគ្នានេះ ឯកឧត្តម ខូវ ឆាយ អគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្តរជាតិ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ពីសារៈសំខាន់នៃការបន្តបណ្តុះកីឡាករថ្នាល ដើម្បីបង្កើតធនធានកីឡាករជំនាន់ថ្មី ដែលមានសមត្ថភាពតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិ។

ការបញ្ជូនកីឡាករថ្នាល និងគ្រូបង្វឹកជាង ១០០នាក់ ទៅប្រកួតក្រៅប្រទេសលើកនេះ គឺជាការបន្តគាំទ្រមិនស្រាក់ស្រាន្តរបស់ ទឹកពិសាកម្ពុជា លើការអភិវឌ្ឍកីឡាករគុនខ្មែរជំនាន់ក្រោយ បន្ថែមពីលើការបង្កើតឱ្យមានព្រឹត្តិការណ៍ «CAMBODIA ថ្នាលប្រដាល់គុនខ្មែរ» ជាច្រើនសប្តាហ៍កន្លងមក ដែលឱកាសប្រកួតជាបន្តបន្ទាប់ដល់កីឡាករវ័យក្មេងនៅក្នុងស្រុក។

តាមរយៈការគាំទ្រទាំងនេះ ទឹកពិសាកម្ពុជា នៅតែប្រកាន់យកគោលដៅរួមចំណែកបង្កើតកម្លាំងបន្តវេនសម្រាប់គុនខ្មែរ ដែលជាកេរមរតកវប្បធម៌ និងអត្តសញ្ញាណជាតិដ៏មានតម្លៃ ឱ្យកាន់តែរីកចម្រើន និងមានវត្តមានកាន់តែទូលំទូលាយលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា កីឡាករថ្នាលកម្ពុជានឹងចេញដំណើរទៅប្រទេសវៀតណាមនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៦ និងចូលរួមប្រកួតចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី០៧ ខែកញ្ញា ដើម្បីប្រជែងដណ្តើមមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាមួយកីឡាករមកពីបណ្តាប្រទេសផ្សេងៗ មុនត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២៦

ទឹកពិសាកម្ពុជា បណ្តុះថ្នាលគុនខ្មែរ បន្តវេនឆ្ពោះទៅសកលលោក!