អ្នកឧកញ៉ា សៀ ឬទ្ធី និងកូនប្រុស ចូលរួមពិធីបើកការដ្ឋានសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មី តម្លៃ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប (WorldBridge Group) និងកូនប្រុស អ្នកឧកញ៉ា សៀ ដានីញ៉ែល នាយកប្រតិបត្តិក្រុមហ៊ុន បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មី “ភ្នំពេញ ឡូជីស្ទីក អេន អ៊ិនដាសស្រ្ទៀល ខមផ្លេកស៍” (Cambodia SuperPort) ស្ថិតក្នុងភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ តម្លៃ៣០០លានដុល្លារ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបើកការដ្ឋានសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មី តម្លៃ៣០០លានដុល្លារនេះ ក៏មានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា ម៉ុង ឬទ្ធី, អ្នកឧកញ៉ា សេង ញ៉ក់, អ្នកឧកញ៉ា ជាម ឃុនណាត, អ្នកឧកញ៉ា ហេង ឡុង, អ្នកឧកញ៉ា ប៊ុន ហៃ, ឧកញ៉ា តាន់ មុនី វណ្ណ, ឧកញ៉ា ហៀង ប៊ុនប៉េង ព្រមទាំងថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

គម្រោងតំបន់សេដ្ឋកិច្ចពិសេស Cambodia SuperPort មានទំហំទុនវិនិយោគប្រមាណ ៣០០លានដុល្លារអាមេរិក លាតសន្ធឹងលើផ្ទៃដីប្រមាណ ១៣២ហិកតា។ នេះមិនត្រឹមតែជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មដ៏ធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសក្ដានុពលខ្ពស់ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការសម្រួលដល់ការចរាចរទំនិញពីមូលដ្ឋានផលិតកម្មក្នុងស្រុក ទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិប្រកបដោយប្រសិទ្ធភាព។ ជាមួយនឹងទីតាំងយុទ្ធសាស្ត្រ គម្រោងនេះនឹងបង្កើតបានជាចំណុចប្រសព្វដ៏សំខាន់ ក្នុងការតភ្ជាប់តំបន់ឧស្សាហកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្មទៅកាន់បណ្តាញដឹកជញ្ជូនពហុមធ្យោបាយ។ បន្ថែមពីនេះ វានឹងបង្កើតនូវប្រព័ន្ធអេកូឡូស៊ីរួមមួយ ដែលបន្ស៊ីគ្នារវាងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងភស្តុភារកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន និងធុរជនបានកាន់តែទូលំទូលាយ។

នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា តំបន់សេដ្ឋកិច្ចពិសេស Cambodia SuperPort នឹងក្លាយជាគំរូដ៏ជោគជ័យមួយនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល វិស័យឯកជនក្នុងស្រុក និងដៃគូវិនិយោគអន្តរជាតិ ក្នុងការប្រែក្លាយចក្ខុវិស័យទៅជាសមិទ្ធផលជាក់ស្តែង ដែលនឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែងសម្រាប់កំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។

សូមជម្រាបថា តំបន់សេដ្ឋកិច្ចពិសេស Cambodia SuperPort (ភ្នំពេញ ឡូជីស្ទីក អេន អ៊ិនដាសស្រ្ទីល ខមផ្លេកស៍ ស៊ូភើផត – PPLC) គឺជាគម្រោងវិនិយោគរួមគ្នារវាងក្រុមហ៊ុន YCH Group ដែលផ្តល់ដំណោះស្រាយខ្សែច្រវាក់ផ្គត់ផ្គង់ឈានមុខគេរបស់សិង្ហបុរី និងក្រុមហ៊ុនសម្ព័ន្ធ WorldBridge Group របស់កម្ពុជា៕