ក្រុមអ្នកវិនិយោគិនចិន ពិចារណាជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់របស់ខ្លួន

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូធុរកិច្ចនិងវិនិយោគ មកពីសាធារណរដ្ឋប្រជាមានិតចិន ចំនួន ២៥ស្ថាប័ន បានពិចារណាជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់របស់ខ្លួន។នេះបើតាមជំនួបពិភាក្សា កាលថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ រវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូធុរកិច្ចនិងវិនិយោគពីសាធារណរដ្ឋប្រជាមានិតចិន ចំនួន ២៥ស្ថាប័ន ដឹកនាំដោយលោកបណ្ឌិត Wang Boyong អនុប្រធាន និងជាអគ្គលេខាធិការនៃ វិទ្យាស្ថានចិនសម្រាប់នវានុវត្តន៍ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ (CIIDS)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈជំនួបនេះ គណៈប្រតិភូធុរកិច្ចនិងវិនិយោគចិន បានឱ្យដឹងថា ជំនួបនេះ ធ្វើឡើង ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA) ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ឱ្យបានលម្អិតអំពី «កាលានុវត្តភាពយុទ្ធសាស្ត្រ និងការបោះទុនវិនិយោគទ្រង់ទ្រាយធំនៅកម្ពុជា»។វិនិយោគិនចិន ក៏ជម្រាបជូនអំពីបច្ចុប្បន្នភាពនៃប្រតិបត្តិការអាជីវកម្ម ជំនាញឯកទេស ព្រមទាំងបង្ហាញពីទស្សនវិស័យ និងមានគម្រោងផែនការក្នុងការជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់ផងដែរ។

ជាមួយគ្នានោះ គណៈប្រតិភូធុរកិច្ច និងវិនិយោគចិន ក៏បានសម្តែងអំណរគុណ លោកឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួប និងផ្តល់នូវអនុសាសន៍ណែនាំព្រមទាំងបានសម្តែងនូវទំនុកចិត្តយ៉ាងមុតមាំចំពោះសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការឈានទៅសម្រេចបាននូវកិច្ចសហប្រតិបត្តិការវិនិយោគជាក់ស្តែងនាពេលខាងមុខ។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានស្វាគមន៍គណៈប្រតិភូចិន ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ផ្ទាល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ ក្នុងគោលបំណងពិចារណាជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់របស់ខ្លួន។ លោក ក៏បានបញ្ជាក់អំពីបរិយាកាសវិនិយោគប្រកបដោយអំណោយផលរបស់កម្ពុជា រួមមាន៖ សុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់វិនិយោគថ្មីដែលផ្តល់កិច្ចសម្រួល និងការលើកទឹកចិត្តខ្ពស់ ព្រមទាំងកម្លាំងពលកម្មវ័យក្មេងដែលមានសមត្ថភាព និងទីតាំងភូមិសាស្រ្តដែលអំណោយផល។

សូមជម្រាបថា CIIDS គឺជាវិទ្យាស្ថានស្រាវជ្រាវ និងគោលនយោបាយ (Think Tank) ដ៏លេចធ្លោមួយ មានទីស្នាក់ការនៅក្នុងទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ CIIDS ផ្តោតការសិក្សាស្រាវជ្រាវលើការអភិវឌ្ឍ និងការច្នៃប្រឌិត ស្វែងយល់ និងគាំទ្រដល់មាគ៌ានៃការអភិវឌ្ឍប្រកបដោយសន្តិភាពរបស់ប្រទេសចិន (China’s path to peaceful development) ក៏ដូចជាផ្តល់នូវការប្រឹក្សាយោបល់ផ្នែកគោលនយោបាយ និងការគាំទ្រផ្នែកបញ្ញាញាណដល់រដ្ឋាភិបាលចិន៕អត្ថបទ៖ហ្សាលីន