ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១ ខែកញ្ញា បានបង្ហាញពីផែនការចំណាយសម្រាប់ឆ្នាំសារពើពន្ធ២០២៧ របស់ខ្លួន នៅក្នុងចំនួនកំណត់ត្រារហូតដល់ទៅ ៨២១ទ្រីលានវ៉ុន (៥៩៦,៩ពាន់លានដុល្លារ) ដើម្បីពង្រឹងជំហរនៅក្នុងវិស័យបច្ចេកវិទ្យារបស់ប្រទេស ចំពេលមានការប្រកួតប្រជែង AI ជាសកល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងសំណើថវិកាប្រចាំឆ្នាំរបស់ខ្លួន ក្រសួងថវិកាកូរ៉េខាងត្បូង បាននិយាយថា ផែនការចំណាយនេះតំណាងឱ្យការកើនឡើង ១២,៨% ពីឆ្នាំ២០២៦ ដែលជាការកើនឡើងច្រើនបំផុតពីមួយឆ្នាំទៅមួយឆ្នាំក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។
គួរឲ្យដឹងផងដែរថា ជុំវិញការកើនឡើងនៃការចំណាយជាប្រវត្តិសាស្ត្រនេះ គឺអាចធ្វើទៅបានដោយសារផលចំណេញពីឧស្សាហកម្មបន្ទះឈីប Semiconductor របស់ប្រទេស។ ក្នុងនោដែរក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Samsung Electronics និង SK Hynix កំពុងបង្កើតប្រាក់ចំណេញដែលមិនធ្លាប់មានពីមុនមកដែលជំរុញដោយតម្រូវការសកលសម្រាប់បន្ទះឈីបអង្គចងចាំកម្រិតខ្ពស់ (HBM) ដែលយកទៅប្រើប្រាស់ជាសំខាន់នៅក្នុង AI។
ទន្ទឹមនឹងនេះ យោងតាមរដ្ឋមន្ត្រីក្រសួងផែនការ និងថវិកា លោក Park Hong-keun បានបង្ហាញឲ្យដឹងទៀតថា កញ្ចប់ថវិកានេះ ក៏នឹងរួមបញ្ចូលទៅក្នងវិស័យការពារជាតិផងដែរ ដោយបែងចែកសម្រាប់កម្មវិធីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងអាវុធយុទ្ធសាស្រ្តផ្សេងៗទៀត។
មិនតែប៉ុណ្ណោះ យោងតាមប្រធានាធិបតី លោក Lee Jae Myung បានមានប្រសាសន៍នៅថ្ងៃដដែលនោះថា សេដ្ឋកិច្ចកូរ៉េខាងត្បូងកំពុងស្ថិតនៅចំណុចមួយដែលការដំឡើងអត្រាការប្រាក់មិនអាចជៀសវាងបាន ដែលប្រថុយនឹងការធ្លាក់ចុះសក្តានុពលកំណើន នៅពេលដែលអ្នកមានជីវភាពខ្វះខាតក្នុងសង្គមកំពុងរងផលប៉ះពាល់នៃថ្លៃដើមខ្ចីប្រាក់ខ្ពស់៕

