អភិបាលធនាគារកណ្តាលរបស់ប្រទេសអ៊ីរ៉ង់ ថ្មីៗនេះបានប្រកាសថា ប្រទេសរបស់ខ្លួនមានរូបិយប័ណ្ណបរទេសគ្រប់គ្រាន់ ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចេញសាច់ប្រាក់រហូតដល់ ២ពាន់លានដុល្លារ ចូលទៅក្នុងទីផ្សារ ដើម្បីកាត់បន្ថយភាពប្រែប្រួលនាពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Abdolnaser Hemmati អភិបាលធនាគារកណ្តាលអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃទី១ ខែកញ្ញាថា៖ “ខ្ញុំចង់ប្រាប់ដល់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា អ៊ីរ៉ង់មានរូបិយប័ណ្ណបរទេសគ្រប់គ្រាន់”។
លោក Hemmati បានថ្លែងទៀតថា ធនាគារកណ្តាលអ៊ីរ៉ង់កំពុងបន្តទារបំណុលជារូបិយប័ណ្ណបរទេស ព្រមទាំងមានទុនបម្រុងក្នុងស្រុក និងប្រភពធនធានផ្សេងទៀត ប៉ុន្តែព័ត៌មានលម្អិតនៃធនធានទាំងនេះមិនអាចទម្លាយឲ្យដឹងបានឡើយ។ លោកបានបន្ថែមថា ធនាគារកណ្តាល បានត្រៀមខ្លួនជាស្រេចក្នុងការបញ្ចេញសាច់ប្រាក់រហូតដល់ ២ពាន់លានដុល្លារ ចូលទៅក្នុងទីផ្សារផ្លាស់ប្តូររូបិយប័ណ្ណបរទេស ដើម្បីកាត់បន្ថយភាពប្រែប្រួលនាពេលថ្មីៗនេះ។
យ៉ាងណាមិញ ជុំវិញការលើកឡើងនេះ បានកើតឡើងបន្ទាប់ពី រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានលើកឡើងថា ទីក្រុងតេអេរ៉ង់ កំពុងឆ្លើយតបដោយសកម្មភាពយោធា ដោយសារតែខ្លួនកំពុងបរាជ័យនៅក្នុងសង្គ្រាមសេដ្ឋកិច្ច។
គួរជម្រាបចូនថា ក្នុងពេលថ្មីៗនេះទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនសម្ពាធសេដ្ឋកិច្ចលើទីក្រុងតេអេរ៉ង់ ព្រមទាំងបានព្រមានថា អ្នកដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់ នឹងប្រឈមមុខនឹងទណ្ឌកម្មពីសហរដ្ឋអាមេរិកជាមិនខាន៕

