វិស័យបរិស្ថានកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចសកល។ ក្នុងបរិបទនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសហការជាមួយក្រសួងបរិស្ថាន រៀបចំបទបង្ហាញស្តីពី «យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦-២០៣០» ជូនដល់មន្ត្រីការទូតកម្ពុជាទាំងក្នុង និងក្រៅប្រទេសប្រមាណ ១០០ នាក់ ទាំងការចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។

កម្មវិធីដ៏មានសារៈសំខាន់នេះ សម្របសម្រួលដោយ លោក ទី នីតូរ្យ អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពី លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ជាវាគ្មិនកិត្តិយស។ បទបង្ហាញនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងរបស់មន្ត្រីការទូត អំពីអាទិភាពក្នុងវិស័យបរិស្ថានរបស់កម្ពុជា និងតួនាទីរបស់ស្ថានតំណាងនៅបរទេស ក្នុងការលើកកម្ពស់ឧត្តមប្រយោជន៍ជាតិ ព្រមទាំងកៀរគរកិច្ចសហប្រតិបត្តិការ និងហិរញ្ញប្បទានអន្តរជាតិលើវិស័យនេះ។
កិច្ចខិតខំប្រឹងប្រែងក្នុងវិស័យបរិស្ថាន មិនត្រឹមតែជាការការពារធម្មជាតិតែមួយមុខនោះទេ ប៉ុន្តែវាបានរួមចំណែកដោយផ្ទាល់ក្នុងការការពារ និងជំរុញគោលដៅយុទ្ធសាស្ត្រកាន់តែទូលំទូលាយរបស់កម្ពុជា ដើម្បីទាក់ទាញការវិនិយោគ និងពង្រីកទីផ្សារពាណិជ្ជកម្មអន្តរជាតិ ប្រកបដោយចីរភាព និងបរិយាបន្ន៕




