រដ្ឋាភិបាលនៃសាធារណរដ្ឋស៊ែប៊ី បានផ្តល់ជំនួយមនុស្សធម៌សរុបជាទឹកប្រាក់ចំនួន ៥០០,០០០ដុល្លារអាម៉េរិក (៥០ម៉ឺនដុល្លារ) ដល់ព្រះរាជាណាចក្រកម្ពុជា។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានចេញលិខិតថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋស៊ែប៊ី សម្រាប់ជំនួយមនុស្សធម៌ សរុបជាទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារខាងលើនេះ។ ការចូលរួមចំណែកក្នុងកាលៈទេសៈនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់នូវសាមគ្គីភាព និងក្តីមេត្តា ពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋស៊ែប៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋស៊ែប៊ី ចំពោះប្រជាជនកម្ពុជា។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ការផ្តល់ជំនួយនេះ ក៏គូសបញ្ជាក់បន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណី ដែលបានផ្សាភ្ជាប់ប្រទេសទាំងពីរអស់រយៈពេលជិត ៧ ទសវត្សរ៍មកហើយ៕




