ក្រុមហ៊ុនប្រេងឈានមុខគេរបស់សហរដ្ឋអាមេរិក Chevron បានប្រកាសថានឹងបង្កើនការផលិតប្រេងរបស់ខ្លួនទ្វេដងនៅក្នុងប្រទេសវេណេស៊ុយអេឡាក្នុងរយៈពេលប្រាំឆ្នាំខាងមុខជាមួយនឹងការវិនិយោគទឹកប្រាក់ចំនួន ៧ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

ក្រុមហ៊ុន Chevron ទទួលបានសិទ្ធិផលិតប្រេងបន្ថែមចំនួនពីរនៅក្នុងតំបន់ Orinoco Belt ដែលជាតំបន់មានប្រេងឆៅបម្រុងដ៏ច្រើនបំផុតមួយរបស់ប្រទេសវេណេស៊ុយអេឡា។ ក្រុមហ៊ុន Chevron មានគម្រោងបង្កើនការផលិតនៅក្នុងប្រទេសនេះដល់ ៦០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ នៅឆ្នាំ២០៣១។ បច្ចុប្បន្ន ក្រុមហ៊ុនអាមេរិកខ្នាតយក្សនេះផលិតបានប្រហែល ២៨០ ០០០ បារ៉ែលក្នុងមួយថ្ងៃ។
យ៉ាងណាមិញ តាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនប្រេងរដ្ឋ Petroleos de Venezuela SA (PDVSA) ក្រុមហ៊ុន Chevron គឺជាក្រុមហ៊ុនប្រេង និងឧស្ម័នអាមេរិកដ៏សំខាន់តែមួយគត់ដែលដំណើរជាប្រចាំការនៅក្នុងប្រទេសវេណេស៊ុយអេឡា។
លោក Mike Wirth នាយកប្រតិបត្តិក្រុមហ៊ុន Chevron បានប្រាប់ CNBC ថា ប្រទេសវេណេស៊ុយអេឡាកាន់តែមានភាពទាក់ទាញចំពោះវិនិយោគិន ចាប់តាំងពីរដ្ឋាភិបាលបណ្តោះអាសន្នបានអនុម័តច្បាប់ប្រេង និងឧស្ម័នថ្មី រួមទាំងការផ្លាស់ប្តូរបទប្បញ្ញត្តិស្តីពីពន្ធ និងកម្រៃជើងសាររុករកប្រេងមក។
យោងតាមលោក Wirth ផែនការថ្មីទាំងនេះបានផ្លាស់ប្តូរប្រទេសវេណេស៊ុយអេឡាទៅជាទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់បើប្រៀបធៀបទៅនឹងទីតាំងផ្សេងទៀតនៅទូទាំងពិភពលោក។ ដូច្នេះ ក្រុមហ៊ុន Chevron បានត្រៀមខ្លួនរួចជាស្រេចដើម្បីវិនិយោគបន្ថែមយ៉ាងច្រើន និងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសវេណេស៊ុយអេឡា៕

