អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា លោកនឹងមិនហៅជម្លោះជាមួយអ៊ីរ៉ង់ថាជាសង្គ្រាមនោះទេ ទោះបីជាមានការវាយប្រហារគ្នាជាបន្តបន្ទាប់ជាមួយទីក្រុងតេអេរ៉ង់ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Vance បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមាននៅថ្ងៃទី៣ ខែកញ្ញា នៅពេលសួរថាតើជម្លោះជាមួយអ៊ីរ៉ង់នឹងបញ្ចប់មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាឬអត់ ខណៈអនុប្រធានាធិបតីរូបនេះ បានឆ្លើយតបវិញថា៖”បច្ចុប្បន្ននេះ វាមិនមែនជាការបាញ់ប្រហារគ្នាដោយផ្ទាល់នោះទេ ដូច្នេះខ្ញុំមិនហៅវាថាសង្គ្រាមឡើយ”។
លោក Vance បានបន្តទៀតថា ៖” ប៉ុន្តែប្រសិនបើសួរថាពេលណារឿងនេះនឹងត្រូវបញ្ចប់ វាដូចជាការសួរខ្ញុំថាពេលណាអ៊ីរ៉ង់នឹងឈប់បាញ់ទៅលើកប៉ាល់ទៀត។ ដូច្នេះអ្នកគួរតែទៅសួរអ៊ីរ៉ង់វិញ ត្រូវជាង”។
គួរជម្រាបជូនថា បន្ទាប់ពីស្ងប់ស្ងាត់អស់ជាច្រើនសប្តាហ៍ ការប្រយុទ្ធគ្នាបានចាប់ផ្តើមឡើងវិញ នៅពេលដែលសហរដ្ឋអាមេរិកបានចាប់ផ្តើមការវាយប្រហារតាមអាកាសនៅថ្ងៃទី៣០ ខែសីហា។ ចលនានេះបានធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង នៅក្នុងជម្លោះរយៈពេលប្រាំមួយខែកន្លងមកនេះ ខណៈពេលដែលអ៊ីរ៉ង់បន្តរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រ Hormuz កាន់តែខ្លាំងបន្ថែមទៀត៕

