លោក ត្រាំ ចេញមុខរិះគន់ធ្ងន់ទៅលើ EU ក្រោយផាកលុយបណ្តាញសង្គម X របស់ Elon Musk

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅការពិន័យដែលដាក់លើក្រុមហ៊ុនបណ្តាញសង្គម X របស់មហាសេដ្ឋី Elon Musk ដោយនិយតករបច្ចេកវិទ្យាសហភាពអឺរ៉ុបថា ជារឿងដ៏អាក្រក់បំផុតមួយ ហើយបានទទូចទៀតថា EU កំពុងដើរទៅរកទិសដៅខុសហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រំលឹកផងដែរថា បណ្តាញសង្គម X ត្រូវបានពិន័យជាទឹកប្រាក់រហូតដល់ទៅ ១២០លានអឺរ៉ូ (១៤០លានដុល្លារ) ដោយនិយតករបច្ចេកវិទ្យាសហភាពអឺរ៉ុប កាលពីសប្តាហ៍មុន ចំពោះការរំលោភបំពានលើច្បាប់ខ្លឹមសារអនឡាញ។

ជុំវិញបញ្ហានេះ លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាននៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានថា ៖” អឺរ៉ុបកំពុងដើរនៅក្នុងទិសដៅអាក្រក់មួយចំនួន”។ មេដឹកនាំអាមរិករូបនេះ បានទទូចទៀតថា លោករំពឹងថាអាចនឹងទទួលបានរបាយការណ៍ការណ៍ពេញលេញអំពីការពិន័យរបស់សហភាពអឺរ៉ុប នៅពេលក្រោយ។

ទន្ទឹមនឹងនេះ​ កាលពីសប្តាហ៍មុន លោក Musk បានច្រានចោលចំពោះការដាក់ពិន័យទៅលើវេទិការរបស់លោក ដោយឆ្លើយតបថា “គ្មានមូលដ្ឋានច្បាស់លាស់” នៅក្រោមការបង្ហោះរបស់គណៈកម្មការអឺរ៉ុបដែលប្រកាសពីការពិន័យ និងថែមទាំងបានបង្ហោះសាររិះគន់ខ្លាំងៗ ចំពោះការសម្រេចចិត្តនេះទៀតផង។

លោក Musk បានសរសេរថា ៖”សេរីភាពនៃការបញ្ចេញមតិគឺជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។ វាគឺជាមធ្យោបាយតែមួយគត់ដើម្បីដឹងថាអ្នកកំពុងបោះឆ្នោតនណារ”។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកជាច្រើន រួមទាំងលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក Brendan Carr ប្រធាន FCC ក៏បានថ្កោលទោសចំពោះការដាក់ពិន័យនេះ ដោយនិយាយថាជាការវាយប្រហារលើក្រុមហ៊ុនអាមេរិក៕​