ប្រទេសសិង្ហបុរី នឹងដាក់ពង្រាយមនុស្សយន្តបាញ់ម្រេចទម្ងន់ ៥១០ គីឡូក្រាម ដែលដំណើរការដោយ AI នៅក្នុងពន្ធនាគារ ចាប់ពីខែតុលាតទៅ ក្នុងការសាកល្បងរយៈពេលបីខែ ដែលមានគោលបំណងឆ្លើយតបទៅនឹងកាវាយតប់គ្នានៅក្នុងនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សេវាពន្ធនាគារសិង្ហបុរី (SPS) នឹងដាក់ពង្រាយមនុស្សយន្តបាញ់ម្រេច ដែលមានឈ្មោះថា Prisons Robot To Eradicate Conflicts and Threats (PROTECT) នៅតាមស្ថាប័នពន្ធនាគារក្នុងប្រទេសចំនួនបី។
ដោយមានកម្ពស់ ១៥៧ សង់ទីម៉ែត្រ មនុស្សយន្ត PROTECT នេះ ត្រូវបានបង្កើតឡើងរួមគ្នាជាពិសេស ដោយ SPS និងទីភ្នាក់ងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Home Team (HTX) សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធពន្ធនាគាររបស់ប្រទេសសិង្ហបុរី។
យោងតាមលោក Peng Chongtian វិស្វករនាំជាន់ខ្ពស់របស់ HTX នៅមជ្ឈមណ្ឌលជំនាញផ្នែកមនុស្សយន្ត ស្វ័យប្រវត្តិកម្ម និងប្រព័ន្ធគ្មានមនុស្សបើក បាននិយាយថា PROTECT គឺជាមនុស្សយន្តដំបូងគេបង្អស់នៅក្នុងប្រទេសសិង្ហបុរី។
នៅពេលដែលមានការវាយតប់គ្នា ឬឧប្បត្តិហេតុណាមួយកើតឡើង មន្ត្រីអាចគ្រប់គ្រងមនុស្សយន្តពីចម្ងាយដោយប្រើវីដេអូ ៣៦០ ដឺក្រេ និងប្រព័ន្ធសំឡេង ដែលអនុញ្ញាតឱ្យអាជ្ញាធរឆ្លើយតបដោយមិនចាំបាច់បញ្ជូនមន្រ្តីជាក់ស្តែង ចូលទៅក្នុងតំបន់នោះភ្លាមៗនោះទេ។
មនុស្សយន្តនេះ ក៏អាចចេញការព្រមានដល់អ្នកទោស និងបាញ់ម្រេចទៅលើអ្នកដែលមិនគោរពតាម។ វាក៏អាចល្បាតផ្លូវដែលបានកំណត់ទុកជាមុនដោយស្វ័យភាពផងដែរ។ សមត្ថភាពបញ្ញាសិប្បនិម្មិតរបស់វាអនុញ្ញាតឱ្យវាស្គាល់មនុស្ស និងរុករក ខណៈពេលដែលមន្ត្រីត្រូវបានជូនដំណឹងភ្លាមៗ ប្រសិនបើអ្នកទោសព្យាយាមរំខានវា។ នេះបើយោងតាម Channel News Asia៕

