អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ បានចេញមុខបដិសេធការចោទប្រកាន់ដែលថាទីក្រុងតេអេរ៉ង់មានផែនការធ្វើឃាត Barron Trump ដែលជាកូនប្រុសពៅរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

នៅក្នុងបទសម្ភាសជាមួយប៉ុស្តិ៍ទូរទស្សន៍ Al Manar របស់លីបង់ ដែលបានចាក់ផ្សាយនៅថ្ងៃទី២៧ ខែសីហា លោកឧត្តមសេនីយ៍ Mohsen Rezaei អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ ត្រូវបានគេស្នើសុំឱ្យធ្វើការអត្ថាធិប្បាយលើព័ត៌មានដែលថាសហរដ្ឋអាមេរិកសង្ស័យថា អ៊ីរ៉ង់បានដាក់ Barron Trump នៅក្នុងគោលដៅវាយប្រហារ។
តែទោះជាយ៉ាងណាក៏ដោយ ទីប្រឹក្សាជាន់ខ្ពស់រូបនេះបានបដិសេធការចោទប្រកាន់នេះ ដោយបានទម្លាក់កំហុសទៅលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ជំនួសវិញ។
លោកឧត្តមសេនីយ៍ Rezaei បានមានប្រសាសន៍ថា៖ “នេះជាការភូតភរដ៏អាក្រក់ដែលលោក Netanyahu ប្រើដើម្បីបោកប្រាស់លោក ត្រាំ។ ប្រសិនបើពួកយើងសម្រេចចិត្តធ្វើសកម្មភាព គឺគ្មាននរណាម្នាក់អាចរារាំងពួកយើងបានឡើយ។ ការភូតភរទាំងនេះត្រូវបានបង្កើតឡើងដោយលោក Netanyahu សុទ្ធសាធ”។
ជុំវិញការលើកឡើងរបស់លោក Rezaei នេះ បានធ្វើឡើងបន្ទាប់ពីទូរទស្សន៍រដ្ឋអ៊ីរ៉ង់ និងបណ្តាញសារព័ត៌មានដែលពាក់ព័ន្ធនឹងកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) កាលពីចុងសប្តាហ៍មុន បានចាកផ្សាយវីដេអូមានប្រវែងជិត ៣នាទីអំពីគម្រោងធ្វើឃាត Barron Trump។
តែទោះបីជាបានបដិសេធការចោទប្រកាន់អំពីផែនការធ្វើឃាត Barron Trump ក៏ដោយ លោកឧត្តមសេនីយ៍ Rezaei មិនបានធ្វើការអត្ថាធិប្បាយលើវីដេអូដែលប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសខ្លួនបានចុះផ្សាយនោះ នៅឡើយទេ៕

