លោក ត្រាំ ប្រកាសពន្យារពេលផែនការជួយរំដោះកប៉ាល់ដែលជាប់គាំង នៅច្រកសមុទ្រ Hormuz

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកប្រតិបត្តិការដើម្បីជួយរំដោះកប៉ាល់ដែលកំពុងជាប់គាំងនៅច្រកសមុទ្រ Hormuz ចំពេលកំពុងមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social របស់ខ្លួន កាលពីថ្ងៃទី៥ ខែឧសភាថា ដោយមានការឯកភាពគ្នា ផែនការរំដោះកប៉ាល់ចេញពីច្រកសមុទ្រ Hormuz ឬហៅថា ‘Project Freedom’ នឹងត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីមើលថាតើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ អាចត្រូវបានបញ្ចប់ និងចុះហត្ថលេខាឬអត់។

គួរឲ្យដឹងថា នៅថ្ងៃទី៣ ខែឧសភា លោក ត្រាំ បានថ្លែងថា មានប្រទេសជាច្រើនបានទាក់ទងមកសហរដ្ឋអាមេរិក ដោយផ្តល់ជំនួយសម្រាប់ការរំដោះកប៉ាល់ដែលជាប់គាំងនៅឈូងសមុទ្រ ហើយទីក្រុងវ៉ាស៊ីនតោន កំពុងដាក់ពង្រាយ “Project Freedom” ដើម្បីអមដំណើរកប៉ាល់ទាំងនោះ ឲ្យឆ្លងកាត់ច្រកសមុទ្រ Hormuz បានដោយសុវត្ថិភាព។

យ៉ាងណាមិញ​ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានដាក់ពង្រាយយន្តហោះប្រហែល ១០០ គ្រឿង រួមទាមងយន្តហោះគ្មានមនុស្សបើក និងបុគ្គលិកយោធា ១៥ ០០០ នាក់សម្រាប់ប្រតិបត្តិការ ឬ “Project Freedom” នេះ ដើម្បីជួយកប៉ាល់ដឹកទំនិញជាច្រើនគ្រឿង ក្នុងការធ្វើនាវាចរណ៍ដោយសុវត្ថិភាពនៅច្រកសមុទ្រ Hormuz។

ជម្រាបជូនថា មុនពេលការប្រកាសរបស់លោក ត្រាំ ជុំវិញ “Project Freedom” នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសថា ប្រតិបត្តិការវាយប្រហារ “Fury Fury” ប្រឆាំងនឹងអ៊ីរ៉ង់ គឺបានបញ្ចប់ហើយ។ យោងតាមលោក Rubio បញ្ហាទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ រួមទាំងឃ្លាំងស្តុកអ៊ុយរ៉ាញ៉ូម នឹងត្រូវបានដោះស្រាយតាមរយៈការចរចា៕​