កម្ពុជា រៀបចំវេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីបង្កើនការតភ្ជាប់ដោយផ្ទាល់របស់សិប្បកម្មក្នុងស្រុក

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា រៀបចំវេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦ ដើម្បីបង្កើនការតភ្ជាប់ដោយផ្ទាល់របស់សិប្បកម្មក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមួយបណ្តាញចែកចាយឱ្យកាន់តែខ្លាំងថែមទៀត។ នេះបើតាមការបញ្ជាក់ពីលោកស្រី  ចម និម្មល  រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីបើក «វេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦» កាលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ចម និម្មល  បានឱ្យដឹងថា «វេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦» (#TheSupplyChainForum2026) រៀបចំឡើងក្នុងគោលបំណងបង្កើនការតភ្ជាប់ដោយផ្ទាល់របស់សិប្បកម្មក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមួយបណ្តាញចែកចាយ អ្នកបញ្ជាទិញសក្តានុពល ផ្សារទំនើប និងថ្នាលពាណិជ្ជកម្មឌីជីថល ព្រមទាំងសម្រួលដល់ការទទួលបានសេវាសាធារណៈសំខាន់ៗរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។

លោកស្រីបន្តថា វេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦ គឺជាការរៀបចំលើកទី១ និងជាជំហានសាកល្បងដ៏សំខាន់របស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្រួលនិងលើកកម្ពស់ការតភ្ជាប់ទីផ្សារ និងពាណិជ្ជកម្មក្នុងស្រុក ជាពិសេសការតភ្ជាប់ដោយផ្ទាល់រវាងកសិករ អ្នកដាំដុះ អ្នកផលិត អ្នកកែច្នៃ សហគ្រាសធុនមីក្រូ តូច និងមធ្យម អ្នកចែកចាយ អ្នកបញ្ជាទិញ វិនិយោគិន អ្នកផ្តល់ហិរញ្ញប្បទាន អ្នកផ្តល់សេវាបច្ចេកវិទ្យា និងសេវាភស្តុភារកម្ម។ លទ្ធផលវិជ្ជមាននៃវេទិកានេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ក្រសួងពិនិត្យលទ្ធភាពពង្រីកកម្មវិធីឱ្យក្លាយជា «ពិព័រណ៍ខ្សែច្រវាក់ផ្គត់ផ្គង់ថ្នាក់ជាតិ» នៅឆ្នាំបន្តបន្ទាប់ ដើម្បីរួមចំណែកប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលនៃការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់។

លោកស្រីបន្ថែមថា កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការផលិត ការដាំដុះ និងការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ។ ទោះជាយ៉ាងណា ភាពមិនទាន់ប្រទាក់ក្រឡាគ្នាពេញលេញរវាងកសិករ អ្នកកែច្នៃ អ្នកផលិត អ្នកផ្តល់ហិរញ្ញប្បទាន បណ្តាញចែកចាយ និងអ្នកបញ្ជាទិញ នៅតែជាបញ្ហាប្រឈមដែលត្រូវរួមគ្នាដោះស្រាយ។ ក្នុងន័យនេះ ភារកិច្ចសំខាន់មិនមែនត្រឹមតែជំរុញការផលិត និងការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការតភ្ជាប់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យកាន់តែមានប្រសិទ្ធភាព រឹងមាំ និងប្រកបដោយចីរភាព។

សូមជម្រាបដែរថា វេទិកានេះមានសកម្មភាពស្នូលសំខាន់ៗ រួមមាន៖ ការតាំងបង្ហាញផលិតផល និងសេវាកម្ម ការផ្គូផ្គងពាណិជ្ជកម្ម (G2B2B) ការចែករំលែកបទពិសោធន៍ និងករណីសិក្សាអំពីប្រភពផ្គត់ផ្គង់វត្ថុធាតុដើម ការធ្វើបទបង្ហាញផលិតផល និងអាជីវកម្ម (Pitching) ការបង្ហាត់បង្រៀនអំពីការអភិវឌ្ឍម៉ាកយីហោ (Branding) និងការវេចខ្ចប់ផលិតផល (Packaging) ព្រមទាំងការផ្តល់ប្រឹក្សាអំពីសេវាសាធារណៈពាក់ព័ន្ធនឹងធុរកិច្ចសំខាន់ៗ ដូចជា ការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីម៉ាក ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា និងការចុះបញ្ជីផលិតផល៕អត្ថបទ៖ហ្សាលីន