លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម ធានាស្ថិរភាពទីផ្សារ និងទទួលបានធាតុចូលក្នុងតម្លៃសមរម្យ សហគមន៍កសិកម្មត្រូវពង្រឹងការចងក្រងគ្នាឆ្ពោះទៅជា «សហគមន៍កសិកម្មទំនើប»។

ក្នុងឱកាសចុះជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍ ជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្ម ចំនួន៥ ដែលអនុវត្តខ្សែច្រវាក់តម្លៃផលិតកម្មដំណាំពោតក្រហម នៅសហគមន៍កសិកម្មចម្រុះស្ទឹងកាច់ជឿនលឿន ស្ថិតនៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក គី ច័ន្ទរំដួល ក៏បានលើកឡើងថា ការចងក្រងសហគមន៍កសិកម្មទៅជាសហគមន៍កសិកម្មទំនើប គឺជាយន្តការសំខាន់មួយក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនស្ថិរភាពតម្លៃកសិផល ធានាការផ្គត់ផ្គង់ធាតុចូលក្នុងតម្លៃសមរម្យ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កសិករ។

ក្នុងន័យនេះ លោកក៏បានជំរុញសហគមន៍កសិកម្មត្រូវពង្រឹងការចងក្រងគ្នាឆ្ពោះទៅជា «សហគមន៍កសិកម្មទំនើប» ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម ធានាស្ថិរភាពទីផ្សារ និងទទួលបានធាតុចូលក្នុងតម្លៃសមរម្យ ស្របតាមគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដាក់ចេញនូវការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការកសាងសហគមន៍កសិកម្មទំនើប ទទួលបានកម្ចីទុនអំណោយផល ការទិញធាតុចូលក្នុងតម្លៃដុំ អំណាចចរចា និងកិច្ចសន្យាទិញ-លក់ច្បាស់លាស់ (Contract Farming) ការប្រើប្រាស់បច្ចេកទេស គ្រឿងយន្តទំនើប និងគ្រប់គ្រងតាមបែបអាជីវកម្ម។

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំសហគមន៍កសិកម្មទាំង៥ ដែលរួមមាន៖ សហគមន៍កសិកម្មចម្រុះស្ទឹងកាច់ជឿនលឿន សហគមន៍កសិកម្មប៉ៃលិនពន្លឺថ្មី សហគមន៍កសិកម្មសាមគ្គីភូមិថ្មីភ្នំខៀវ សហគមន៍កសិកម្មទួលល្វាសាមគ្គីអមតៈ សហគមន៍កសិកម្មពោតក្រហមទឹកផុសសាមគ្គី បានបង្ហាញការគាំទ្រ និងប្តេជ្ញាផ្សព្វផ្សាយអត្ថប្រយោជន៍នៃសហគមន៍កសិកម្មទំនើបដល់សមាជិក ព្រមទាំងស្រង់ឈ្មោះកសិករដែលស្ម័គ្រចិត្តចូលរួម ដើម្បីរួមគ្នាពង្រឹងខ្សែច្រវាក់តម្លៃផលិតកម្ម និងលើកកម្ពស់ប្រាក់ចំណូលកសិករ។ សហគមន៍ទាំង ៥ នេះ មានផ្ទៃដីផលិតកម្មពោតក្រហមសរុប ៧៤៦ ហិកតា និងដំឡូងមី ៥១៧ ហិកតា។ ក្នុងជំនួបនោះ ថ្នាក់ដឹកនាំសហគមន៍ ក៏បានលើកឡើងពីបញ្ហាប្រឈមសំខាន់ៗ រួមមាន៖ ថ្លៃដើមផលិតកម្មខ្ពស់ និងការប្រែប្រួលតម្លៃកសិផលនៅលើទីផ្សារ ព្រមទាំងស្នើសុំការសម្របសម្រួលក្នុងការចុះកិច្ចសន្យាទិញ-លក់កសិផលជាមួយក្រុមហ៊ុនកែច្នៃចំណីសត្វក្នុងស្រុកឱ្យបានច្បាស់លាស់ផងដែរ៕


