សម្តេចធិបតី៖ កម្ពុជានៅតែរក្សាគោលនយោបាយទំនាក់ទំនងជាមួយអាមេរិក និងបណ្តាប្រទេសទាំងអស់ ដោយឈរលើមូលដ្ឋាន ២សំខាន់

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាគោលនយោបាយទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងអស់ ដោយឈរលើមូលដ្ឋានសំខាន់ចំនួន២ គឺសង្គតិភាព និងនិរន្តរភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចបញ្ជាក់ដូច្នេះ នារសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ លោក ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលាចប់អាណាត្តិ នៅវិមានសន្តិភាព។

នាឱកាសនោះ សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់លោក ផាទ្រីក មើហ្វី និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការក្នុងអាណត្តិការទូតរបស់លោក លើវិស័យជាច្រើន រួមមាន៖ អប់រំ សុខាភិបាល ទេសចរណ៍ វប្បធម៌ ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន និងការលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងវិស័យឯកជន ក្នុងវិស័យធុរកិច្ច និងវិនិយោគ។

បន្ថែមពីនេះ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាមេរិក ក្នុងអាណត្តិការទូតរបស់ឯកអគ្គរដ្ឋទូតថ្មី ហើយរាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាគោលនយោបាយទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងអស់ ដោយឈរលើមូលដ្ឋាន ២ គឺ សង្គតិភាព និងនិរន្តរភាព។

បន្ថែមពីនេះ សម្តេចធិបតី ក៏បានគូសរំលេចផងដែរ អំពីការដាក់ចេញនូវគោលនយោបាយ និងផែនការសកម្មភាពថ្មីៗក្នុងការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា ក្នុងគោលបំណងដើម្បីទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀត រួមទាំងវិនិយោគិនពីសហរដ្ឋអាមេរិកផងដែរ។

ក្នុងឱកាសនៃជំនួប លោក ផាទ្រីក មើហ្វី ក៏បានបង្ហាញនូវសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់ចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងសហរដ្ឋអាមេរិក-កម្ពុជា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនាពេលកន្លងមក។ លោកក៏បានបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់សម្តេចធិបតីរយៈពេល៨ខែកន្លងមកនេះ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងពង្រីក ប្រសើរបន្ថែមទៀត។ ជាមួយគ្នានេះ លោកថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រកម្ពុជា ដែលគ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅចុងឆ្នាំ២០២៤នេះ។

ក្រៅពីនេះ ឯកអគ្គរដ្ឋទូតអាមេរិកដែលចប់អាណាត្តិរូបនេះ ក៏បង្ហាញជំនឿជាក់ថា ឯកអគ្គរដ្ឋទូតថ្មី នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀតផងដែរ៕អត្ថបទ៖ រង្សី