អ៉ីរ៉ង់ ត្រៀមដំឡើងថ្លៃប្រេងសាំង ដើម្បីគ្រប់គ្រងការប្រើប្រាស់ក្នុងស្រុក

អន្តរជាតិ

ជាលើកទីពីរក្នងរយៈពេលតិចជាងមួយឆ្នាំមកនេះ អ៉ីរ៉ង់បានសម្រេចដំឡើងថ្លៃប្រេងសាំងសម្រាប់ក្រុមដែលមានការប្រើប្រាស់ខ្ពស់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងតម្រូវការថាមពលនៅក្នុងស្រុក។ នេះបើតាមការចចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី៦ ខែកញ្ញា អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ លោកស្រី Fatemeh Mohajerani បានប្រកាសថា ប្រទេសខ្លួននឹងដំឡើងថ្លៃប្រេងសាំងសម្រាប់អ្នកដែលប្រើប្រាស់លើសពី ១១០ លីត្រក្នុងមួយខែ ដោយចាប់ផ្តើមពីថ្ងៃទី៨ ខែកញ្ញាតទៅ។ ប្រទេសនេះកំពុងធ្វើការយ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហាដែលបណ្តាលមកពីជម្លោះ និងទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

គួរឲ្យដឹងផងដែរថា តម្លៃកូតាដំបូងនៅតែមិនផ្លាស់ប្តូរ ដោយពលរដ្ឋនៅតែអាចទិញប្រេងសាំង ៦០ លីត្រដំបូងក្នុងតម្លៃ ១៥ ០០០ Rial ក្នុងមួយលីត្រ និង ៥០ លីត្របន្ទាប់ក្នុងតម្លៃ ៣០ ០០០ Rial ក្នុងមួយលីត្រ។

ប៉ុន្តែប្រសិនបើទិញបន្ថែម តម្លៃនឹងកើនឡើងដល់ ១១០ ០០០ Rial ក្នុងមួយលីត្រ (ឬស្មើនឹង ០,០៤ដុល្លារ ដោយផ្អែកលើអត្រាប្តូរប្រាក់ទីផ្សារសេរី)។ តម្លៃនេះគឺកើនឡើងទ្វេដងបើធៀបទៅនឹងតម្លៃមុន។

បច្ចុប្បន្នអ៊ីរ៉ង់មានតម្លៃប្រេងសាំងទាបបំផុតមួយក្នុងពិភពលោក ដោយសារការឧបត្ថម្ភធនយ៉ាងច្រើនពីរដ្ឋាភិបាល។ ចាប់តាំងពីឆ្នាំ២០០៧ មក ពួកគេបានអនុវត្តប្រព័ន្ធបែងចែកប្រេងឥន្ធនៈ ដែលគ្រប់គ្រងតាមរយៈកាតចាក់ប្រេងឥន្ធនៈឆ្លាតវៃដែលភ្ជាប់ទៅនឹងម្ចាស់យានយន្តម្នាក់ៗ ដោយផ្ទាល់។

គួរជម្រាបជូនថា រដ្ឋាភិបាលអ៊ីរ៉ង់ធ្លាប់បានពិភាក្សាអំពីការដំឡើងថ្លៃប្រេងសាំង ប៉ុន្តែបានពន្យារពេលវាដោយសារតែការព្រួយបារម្ភអំពីការប្រឆាំងពីសាធារណជន។ អ៊ីរ៉ង់បានឃើញការប្រឆាំងតវ៉ាទ្រង់ទ្រាយធំៗម្តងហើយម្តងទៀតលើបញ្ហានេះ ចាប់តាំងពីឆ្នាំ២០១៩ មក៕​